សម្ដេចតេជោ ហ៊ុន សែន ជឿថាគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ» គឺនឹងអាចសម្រេចបាន

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្ដីពី «សន្តិភាពនៅឧបទ្វីបកូរ៉» សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការជឿថាគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ» គឺជាក់ស្ដែង នឹងអាចសម្រេចបាន ព្រោះជាគំនិតផ្តួចផ្តើមមានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់សន្តិភាព និងវិបុលភាព។
ថ្លែងក្នុងមហាសន្និបាតនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព នៃសម័យកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្ដីពី «សន្តិភាពនៅឧបទ្វីបកូរ៉» នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុង​សេអ៊ូល សាធារណរដ្ឋកូរ៉េ សម្ដេចតេជោ ថ្លែងថា សង្គ្រាមកូរ៉េមានអាយុកាលជាង ៧២ឆ្នាំហើយ ដែលមកទល់ពេលនេះ មានតែបទឈប់បាញ់ដែល មានអាយុកាលជាង ៦៩ឆ្នាំ គិតចាប់តាំងថ្ងៃចុះហត្ថលេខា​តែប៉ុណ្ណោះ។
ជាច្រើនទសវត្សរ៍កន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងនៅគ្រប់កម្រិត និងវេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសលមិនទទួលបានលទ្ធផលអ្វីឡើយ។ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ នៅតែមានភាពស្រពេចស្រពិល និងផុយស្រួយ ដោយសារវិធីសាស្ត្រមុនៗមិនទទួលបានជោគជ័យ។ សម្ដេចតេជោបន្តថា “តាមទស្សនៈរបស់ខ្ញុំ សន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ហើយសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉ ក៏មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូលដូចគ្នា ដោយសារហេតុផលថា ពិភពលោករបស់យើង មានទំនាក់ទំនងទៅវិញទៅមក និងមានភាពប្រទាក់ក្រឡាគ្នាទៅវិញទៅមក។”
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា “យើងត្រូវទទួលស្គាល់ថា វិបុលភាពរួមគ្នា និងការពឹងពាក់គ្នាទៅវិញទៅមកកាន់តែច្រើន គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ។ ទន្ទឹមនេះ ខ្សែជីវិតសេដ្ឋកិច្ចសង្គមរបស់យើង ត្រូវបានចងភ្ជាប់ទៅនឹងការរួមរស់នៅជាមួយគ្នា តាមរយៈសណ្ដាប់ធ្នាប់អន្តរជាតិ ប្រកបដោយបរិយាប័ន្ន និងបើកចំហ ដែលទទួលយកកូរ៉េទាំងពីរ។ បើនិយាយតាមបែបភូមិសាស្ត្រនយោបាយ ឧបទ្វីបកូរ៉េ គឺជាច្រកទ្វារដ៏សំខាន់មួយទៅកាន់អាស៊ី មិនត្រឹមតែទាក់ទងនឹង អរិយធម៌ដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងឱកាសសេដ្ឋកិច្ចផងដែរ។ តំបន់នេះ គួរតែត្រូវបានចាត់ទុកថាជាស្ពាននៃជំនឿទុកចិត្ត និងជាទឹកដីនៃឱកាសសម្រាប់ទាំងអស់គ្នា។ ប្រជាជនកូរ៉េមានភាពច្នៃប្រឌិត ប្រកបដោយថាមពល ប្រឹងប្រែងធ្វើការ ហើយពួកគេអាចរួមចំណែកយ៉ាងធំធេងដល់សេដ្ឋកិច្ចពិភពលោក។ នៅពេលដែលសន្តិភាពត្រូវបានស្ដារឡើងវិញ សក្តានុពលទាំងអស់ដែលមាននៅទីនោះ គឺអាចប្រើប្រាស់បានសម្រាប់តំបន់និងពិភពលោក ដើម្បីអាចសម្រេចទៅបានការទទួលខុសត្រូវ គឺស្ថិតនៅលើសហគមន៍អន្តរជាតិ ក្នុងការធ្វើការរួមគ្នា ដើម្បីយកកូរ៉េទាំងពីរចេញពីសំណល់នៃសង្គ្រាមត្រជាក់។”
សម្ដេចតេជោក៏បានផ្ដល់នូវទស្សនៈត្រូវគិតពិចារណា ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េថា ការយកឈ្នះ​លើភាពច្របូកច្របល់ និងការមិនទុកចិត្តគ្នាដែលអូសបន្លាយជាង ៧០ឆ្នាំមកនេះ ទាមទារឱ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្ត ហើយជាការពិតណាស់ ដំណើរការផ្សះផ្សាបន្តិចម្ដងៗ។ ដូចគ្នានេះដែរ ដំណើរការរំសាយអាវុធនុយក្លេអ៊ែរនឹងត្រូវធ្វើឡើងជាដំណាក់កាល ដូច្នេះការអត់ធ្មត់ជាយុទ្ធសាស្ត្រ គឺមានសារៈសំខាន់បំផុត ហើយសម្ពាធតែម៉្យាង គឺមិនអាចដោះស្រាយមូលហេតុនៃជម្លោះដ៏ស៊ីជម្រៅ ឱ្យមានប្រសិទ្ធភាពនោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាស្មុគស្មាញអស់ជាច្រើនទសវត្សរ៍មកហើយនេះដែរ។ ការប្រាស្រ័យទាក់ទង ផ្នែកការទូតដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ គឺជាតម្រូវការចាំបាច់មុនគេ។
ការប្រាស្រ័យទាក់ទងជាវិជ្ជមានជាមួយទីក្រុងព្យុងយ៉ាង នឹងកាត់បន្ថយហានិភ័យនៃភាពឯកោកាន់តែខ្លាំង ដែលជាលទ្ធផលនឹងនាំទៅរកការបន្ធូរបន្ថយនូវវដ្ដនៃភាពតានតឹងផ្នែកយោធាដ៏អាក្រក់ ហើយទីបំផុតអាចឈានទៅការបន្ថយមហិច្ឆតានុយក្លេអ៊ែរ។
ការកសាងជំហាននៃជំនឿទុកចិត្ត ចាំបាច់ត្រូវតែមានការចូលរួមជាក់ស្ដែងជាប្រចាំពីអ្នកចរចាសន្តិភាព ដែលគួរផ្តោតលើកិច្ចខិតខំប្រឹងប្រែងដែលអាចទទួលលទ្ធផលបានឆាប់ មិនមានភាពចម្រូងចម្រាស មិនសូវរសើប និងជាក់ស្ដែង។ ដើម្បីអាចសម្រេចបានបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើជំហានជាក់ស្តែងមួយចំនួនសម្រាប់ការពិចារណាថា ទីមួយៈ យើងគួរតែប្រែក្លាយតំបន់គ្មានយោធា (DMZ) ទៅជាច្រករបៀងវប្បធម៌សុវត្ថិភាព និងបើកចំហដែលតភ្ជាប់ប្រជាជនទាំងពីរ។
តំបន់គ្មានយោធា DMZ អាចផ្តល់ជូននូវវេទិកាសម្រាប់ ការសម្តែងវប្បធម៌រួមគ្នា ការតាំងពិព័រណ៍សិល្បៈ និងការផ្លាស់ប្តូរវប្បធម៌ផ្សេងទៀត។ ទីពីរៈ កូរ៉េទាំងពីរគួរតែសហការបន្ថែមទៀត នៅក្រោមក្របខណ្ឌរបស់អង្គការយូណេស្កូ ដើម្បីបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនាដោយផ្អែកលើការគោរពតម្លៃរួម។
បុព្វកថានៃរដ្ឋធម្មនុញ្ញនអង្គការយូណេស្កូបានបំផុសគំនិតយើង ហើយខ្ញុំសូមដកស្រង់ដូចតទៅ «ដោយសារសង្គ្រាមផ្តើម ចេញនៅក្នុងផ្នត់គំនិតរបស់មនុស្ស គឺក្នុងផ្នត់គំនិតរបស់មនុស្សនេះឯង ដែលត្រូវកសាងនូវស្មារតី ការពារសន្តិភាព»។ ទីបីៈ កូរ៉េទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់វប្បធម៌កូរ៉េ ភ្ជាប់អរិយធម៌កូរ៉េជាមួយអរិយធម៌ដទៃទៀត និងរួមគ្នាអភិវឌ្ឍទេសចរណ៍វប្បធម៌ និងនវានុវត្តន៍។ ជាឧទាហរណ៍ ការទូតអាហារអាចត្រូវបានលើកកម្ពស់រួមគ្នាដោយកូរ៉េទាំងពីរ។
សម្ដេចតេជោក៏បានស្នើឱ្យថ្នាក់ដឹកនាំមកពីវិស័យផ្សេងៗ ផ្តល់នូវធាតុផ្សំក្នុងគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ» នេះ ដែលអាចប្រើប្រាស់ឯកសារទស្សនទាននេះ នៅក្នុងសកម្មភាពជាក់ស្ដែង អាចសម្រេចបាននិងជាក់លាក់៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង