ពលរដ្ឋជិត១២០០គ្រួសារ ចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ដែលបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនៅចំណុចបឹង៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋជិត១២០០គ្រួសារបានចាប់ផ្តើមចូលរួមចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ដែលបានព្រមព្រៀងបញ្ចប់វិវាទដ៏រ៉ាំរ៉ៃស្ថិតនៅចំណុចបឹង៧៥ ភូមិអូរអំពិលឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅនឹងទីតាំងដីនាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ ក៏មានការចូលរួមមន្ត្រីជាន់ខ្ពស់ មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីស្ថាប័ន អង្គភាពនានាផងដែរ ។
លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តបន្ទាយមានជ័យនិងជាតំណាងលោកលី សារី អភិបាលរងខេត្តអោយដឹងថា: សាវតារដីទំនាស់ដ៏រ៉ាំរ៉ៃនៅចំណុចបឹង៧៥ ភូមិអូរអំពិលឃុំទួលពង្រស្រុកម៉ាឡៃ ដែលមានទំនាស់រវាងឈ្មោះលី អ៊ុតនី(ស្លាប់) ជាមួយឈ្មោះព្រាប សារុន (ស្លាប់)និងឈ្មោះ គង់ ជា ។
លោកបន្តថា៖យោងការស្រាវជ្រាវនិងគោលការណ៍ដោះស្រាយបញ្ចប់គឺផ្នែកតាមគោលការណ័ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន លើលិខិតលេខ៩៩៣ / ២១ លសចុះថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យនាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ បានដឹកនាំក្រុមការងារលោក សហការនិងក្រុមការងារចម្រុះខេត្ត ដោយមានការចូលរួមពីតំណាងសាលាដំបូង អយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលស្រុកបានរៀបចំវេទិការសាធារណ:ដើម្បីទទួលស្តាប់បញ្ហាគន្លឹះនានាទាក់ទង់ទំនាស់ដីធ្លីនៅចំណុចនេះរវាងគូភាគីទំនាស់តំណាងក្រុមគ្រួសារលោកលី អ៊ុតនីនិងភាគីប្រជាពលរដ្ឋប្រមាណ១.២០០គ្រួសារលើទីតាំងដីជាក់ស្តែង ។
ជាលទ្ធផល ភាគីទំនាស់បានព្រមព្រៀងនិងឯកភាពអោយក្រុមការងារចម្រុះខេត្ត បានចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋរស់នៅជាក់ស្តែងលើទីតាំងដី ។
លោកបានបន្តថា៖បន្ទាប់ពីធ្វើអត្តសញ្ញាណប្រជាពលរដ្ឋចាប់រួចរាល់ ទើបនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២២ លោកប្រធានក្រុមការងារដោះស្រាយ បានរៀបចំវេទិកាសាធារណ:លើកទី២ ជាលទ្ធផលគូភាគីទាំង២ ជាលទ្ធផលគូភាគីទាំងពីរបាន” ឯកភាពព្រមព្រៀងបញ្ចប់វិវាទដីធ្លីតាមគោលនយោបាយឈ្នះ ឈ្នះ ដែលជាមរតកដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ព្ជជា “នៅចំណុចបឹង៧៥ ចាប់ពីថ្ងៃនេះតទៅ រយៈ:ពេល៨ថ្ងៃប៉ុណ្ណោះ វិវាទដ៏រ៉ាំរ៉ៃត្រូវបានបញ្ចប់ដ៏រិករាយ ។
ចំណែកការធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលកំពុងរស់នៅលើទីតាំងដីនិងការចុះកិច្ចសន្យាព្រមព្រៀងទទួលយកដីឡូតិ៍តាមរយ:ការចាប់ឆ្នោត ។
ក្នុងនោះ អនុវត្តតាមស្មារតីនៃវេទិកាសាធារណ:នាថ្ងៃទី០៩និង១៦ខែមករាឆ្នាំ២០២២ និងទទួលបានការអនុញ្ញាតិពី ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក លី សារី អភិបាលរងខេត្ត បោះតង់នៅលើដីទំនាស់ដើម្បីចុះធ្វើអត្តសញ្ញាកម្មប្រជាពលរដ្ឋចំនួន០៦ក្រុមឡូតិ៍ សរុបចំនួន ១១៨៥គ្រួសារ។
ប៉ុន្តែបន្ទាប់ពីធ្វើសម្រង់លម្អិតលើសំណុំឯកសារអត្តសញ្ញាណកម្មនិងបានចុះវាយតម្លៃលើទីតាំងដីរបស់គ្រួសារនិមួយៗតាមក្បាលដីជាក់ស្តែង មានតែចំនួនសរុបចំនួន១.១៧៨គ្រួសារប៉ុណ្ណោះ ។
ក្នុងនោះពលរដ្ឋដែលបានព្រមព្រៀងចុះធ្វើកិច្ចសន្យាទទួលយកក្បាលដីឡូតិ៍ចំនួន១.១៥៨គ្រួសារនិងមិនទាន់បានចុះកិច្ចសន្យាចំនួន២០គ្រួសារ ។ លោក ឈុន ប៊ុនថា បានបន្ថែមថា៖ចំពោះការរៀបចំក្បាលដីឡូតិ៍ មន្ទីររៀបចំដែនដីខេត្ត អ្នកម៉ៅការសាងសង់និងមានកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋចុះវាស់វែងកំណត់ព្រំដីទំហំ៤៧ហិចតា ដែលជាការធ្វើសម្បទានពីម្ចាស់ដីក្រុមគ្រួសារលោកលី អ៊ុតនី សម្រាប់ប្រគល់ជូនក្រុមការងារសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ តំបន់រដ្ឋបាល សួនច្បារ ប្រឡាយទឹក ស្រះទឹកនិងរៀបចំជាក្បាលដីឡូតិ៍ ។
ទន្ទឹមនឹងនោះដែរ ក្រុមគ្រួសារលោកលី អ៊ុតនី ក៏ថែមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួនសម្រាប់ការកសាងផ្លូវដីទំហំទទឺង១០ម៉ែត្រនិង១២ម៉ែត្រ ដែលមានប្រវេងប្រមាណ២៤គម ជាដើម ។
ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមការងារ អ្នកពាក់ព័ន្ធនិងគូភាគីទំនាស់ទាំងអស់ដែលសហការ ខិតខំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ ។
និងក៏សូមគោរពថ្លែងអំណរគុណអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើនយោបាយឈ្នះ ឈ្នះសម្រាប់ដំណោះស្រាយ ដែលមរតកនិងលំអាននេះ បានឈានទៅបញ្ចប់វិវាទដីធ្លីចំណាស់ជិត២០ឆ្នាំមួយនេះ ។
និងក៏សូមថ្លែងអំណរគុណក្រុមគ្រួសារលោកលី អ៊ុតនី ដែលបានផ្តល់សាម្បទានដីសម្រាប់ដំណោះស្រាយនិងការបរិច្ចាគសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រៃក្លាយអតីតតំបន់សង្គ្រាម ហើយធ្លាក់ក្នុងទំនាស់ដីធ្លី រួចឥឡូវនេះបានក្លាយជាតំបន់សុខសាន្ត មានការអភិវឌ្ឍន៍ក្រោមម្លប់សន្តិភាព ៕អរគុណសន្តិភាព