លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត
ខេត្តកំពត៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកំពត ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ ។
លោកជំទាវបានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់ កម្លាំងកាយចិត្តនិងស្មារតីទទួលខុស ត្រូវក្នុងការបំពេញ ភារកិច្ចការងារចលនាស្រ្តីក្នុងរយៈពេលកន្លងមករបស់ លោកជំទាវ លោកស្រី ដែលជា ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្នុងទូទាំងខេត្តកំពត ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ និងមាន ការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលពី ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអបអរចំពោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និង លោកជំទាវ លោកស្រី ដែលជាសមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពត ដែលបានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសមាគមនារី សរុបចំនួន ៧៦រូប តាមសេចក្តីសម្រេចរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តកំពត ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមនាថ្ងៃនេះ នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១- ពង្រឹងរបៀបរបបធ្វើការងារ អនុវត្តនូវតួនាទីភារកិច្ច និងត្រូវបែងចែក ភារកិច្ច និងការទទួលខុសត្រូវ ដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សាខាសមាគមនារីខេត្ត ដែលទើបបានតែងតាំងនាពេលនេះ។
២- ត្រូវបង្កើនប្រសិទ្ធិភាពការពាររាងកាយពីមេរោគកូវីដ ១៩ ពិសេសគឺប្រភេទបំប្លែងថ្មី អូមីក្រុង ចាំបាច់ពលរដ្ឋគ្រប់រូប ត្រូវពន្លឿននៃការចាក់ដូសទី៣ ឲ្យបានលឿន ដើម្បីបន្តដល់ដូសទី ៤ ដែលជាដូសជម្រុញ និងត្រូវមិនត្រូវរំពឹងតែ ២ដូសដែលបានចាក់រួចហើយនោះទេ ។
៣- បន្តការខិតខំតទៅទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជាពិសេស ត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ។
៤. ចូលរួមអនុវត្តតាមសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង» ៕ អរគុណសន្តិភាព