រដ្ឋបាលខេត្តបានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ កន្លងមកដោយមានការរីករាលដាលនៃជំងឺកូវីដ-១៩​ នៅក្នុងខេត្តព្រះសីហនុ​ ជាពិសេសការឆ្លងរាលដាលនៅតាមទីផ្សារនានាដែលជាទីតាំងដែលមានការប្រមូលផ្តុំ​ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាលដោយបានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុ​ និងមួយផ្នែកនៃក្រុងស្រុកនានា​ ព្រមទាំងចេញសេចក្តីសម្រេច​បិទផ្អាកជាបណ្តោះអាសន្ននូវដំណេីរការអាជីវកម្មទីផ្សារនៅទូទាំងខេត្ត​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​នៅក្នុងសហគមន៍។
ក្នុងកំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រនៃខេត្តព្រះសីហនុ​ ទាំងប្រជាពលរដ្ឋ​ និងអាជីវករទាំងអស់បានចូលរួមសហការជាមួយអាជ្ញាធរខេត្តបានយ៉ាងល្អប្រសេីរដែលធ្វេីឱ្យអត្រានៃការឆ្លង​រាលដាលជំងឺកូវីដ-១៩​នៅក្នុងខេត្តព្រះសីហនុមានការថយចុះជាលំដាប់។
ដោយសារស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩​នៅក្នុងខេត្តមានការថយចុះ​ រដ្ឋបាលខេត្តបានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ​កូវីដ-១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្ដុំ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ អ្នកគ្រប់គ្រង និងអាជីវករនៅតាមទីផ្សារទាំងអស់ បានចូលរួមធ្វេីការរៀបចំ​កែលម្អទីតាំងលក់ដូរឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ​ មានសោភ័ណភាព អនាម័យ និងគម្លាតសុវត្ថិភាព​ កាត់បន្ថយការឆ្លងរាលដាល រហូតមកទល់បច្ចុប្បន្នបងប្អូនបានបន្តការលក់​ដូរនៅក្នុងស្ថានភាពដ៏ល្អប្រសើរ។
រដ្ឋបាលខេត្តសូមវាយតម្លៃខ្ពស់ និងលេីកទឹកចិត្តឱ្យបងប្អូនបន្តអនុវត្តទៅតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត​ និងវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣.ការពារ ៣.កុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅទប់ស្កាត់ការឆ្លងរាលដាលឡេីងវិញនៃជំងឺ​កូវីដ-១៩​ ជាពិសេសមេរោគបំលែងថ្មី​ អូមីក្រុង ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង