ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រួមទាំងសមាជិក សមាជិកា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត អញ្ជើញចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ “ពង្រឹងផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ” និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីចំនួន ៣០០នាក់ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ។
ស្ត្រីដែលបានចូលរួមចំនួន៣០០នាក់ ក្នុងនោះសង្កាត់លេខ១ ចំនួន១០០នាក់ សង្កាត់លេខ២ ចំនួន ៥០នាក់ សង្កាត់លេខ៣ ចំនួន៥០នាក់ និងសង្កាត់លេខ៤ ចំនួន១០០នាក់។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអានសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ “ពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជសុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ”។
យើងត្រូវរួមគ្នា ពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយឱ្យបានល្អប្រសើរសមស្របជាមួយនឹងប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារឆ្នាំ២០២២នេះ ដោយលើកទឹកចិត្តស្ត្រីទាំងនោះ ឱ្យទៅទទួលបានការពិនិត្យថែទាំសុខភាព ចាប់ពីពេលពពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនត្រូវបន្តថែទាំសុខភាពទាំងម្ដាយទាំងកូនរហូតដល់កូនមានអាយុ២ឆ្នាំ។