រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សំណូមពរដល់ភាគីចិន ឱ្យបន្តគាំទ្រនិងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ី
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់ភាគីចិន ឱ្យបន្តគាំទ្រនិងសម្រប សម្រួលដល់ការនាំចូលដំឡូង មីស្ងួតកម្ពុជា ទៅកាន់តំបន់ស្វយ័តក្វាងស៊ី និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគ យល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅ កាន់តំបន់ស្វយ័តក្វាងស៊ី ។
ការសំណូមពររបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើឡើងក្នុងពិធីចុះហត្ថលេខា ស្តីពីកិច្ចសហ ប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជ កម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាព ឯកឧត្តម LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្ត បន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរក៏ដូច ជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាលពីឆ្នាំ ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយសម្រាប់ភាពជាដៃគូយុទ្ធ សាស្ត្រ និងជំរុញកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ កម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជា មានិតចិន។ ជាក់ស្ដែង នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបាន ១១,១៩ ពាន់លានដុល្លារអាមេរិក ជាមួយ នឹងការកើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០ ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា ពិធីចុះកិច្ចព្រម ព្រៀង និងអនុស្សរណៈយោគ យល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជ កម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន មានចំនួនបី រួមមាន៖ ទី១-អនុស្សរណៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណា ចក្រកម្ពុជា។ ទី២-កិច្ចសន្យា ទិញលក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.។ ទី៣-អនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជ កម្មដំឡូងមីស្ងួតរវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd. និងទី៤-អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដំឡូង មីស្ងួតឆ្នាំ២០២២ ដោយក្រុមហ៊ុន Guangxi Rural Investment Group Co., Ltd. Yuhua Hongda (Cambodia) Agriculture Development Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.។
ឯកឧត្តមអភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហ ប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជ កម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានដឹកនាំគណៈ ប្រតិភូកម្ពុជាចូលរួមពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ានជាច្រើនលើកមកហើយ ដែលសកម្មភាពនេះបានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្វាងស៊ី ។ តួយ៉ាង ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងក្វាងស៊ី ឈានដល់ ១,០៥ ពាន់លានយន់ កើនឡើង ៦៣,៨% មានសហគ្រាស និងអង្គភាពក្វាងស៊ីសរុបចំនួន ៧១ ដែលបានវិនិយោគលើវិស័យមិន មែនហិរញ្ញវត្ថុនៅកម្ពុជា ជាមួយនឹងការវិនិយោគតាមកិច្ចសន្យាសរុបចំនួន ៨៩ ពាន់លានដុល្លារអាមេរិក។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងនាមជាច្រកនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន តំបន់ស្វយ័តក្វាងស៊ីបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ដោយទទួលបានលទ្ធផលជាផ្លែផ្កា ៕