ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដឹកនាំគណៈប្រតិភូចូលរួមសន្និបាតបរិស្ថាននៃអង្គការសហប្រជាជាតិលើកទី៥ និងខួបលើកទី៥០ នៃកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និបាតបរិស្ថាននៃអង្គការសហប្រជាជាតិលើកទី៥ និងខួបលើកទី៥០ នៃកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
កម្មវិធីទាំងពីរនេះត្រូវបានរៀបចំឡើងដោយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិប្រចាំទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ក្រោមកិច្ចសហការ និងសម្របសម្រួលដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកេនយ៉ា ដែលជាប្រធានដឹកនាំក្រោមអធិបតីភាព ឯកឧត្តម Espen Barth Eide រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអាកាសធាតុ ប្រទេសន័រវែស ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋជាសមាជិកជុំវិញពិភពលោកចំនួនប្រមាណជាង ១៩០ប្រទេស ជាដៃគូអភិវឌ្ឍន៍អន្តរជាតិ តំណាងអង្គការរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងបណ្តាភាគីពាក់ព័ន្ធចំនួនប្រមាណជាង ៣០០០នាក់ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីចម្ងាយ។
សន្និបាតបរិស្ថាននៃអង្គការសហប្រជាជាតិលើកទី៥ មានគោលបំណងសំខាន់ក្នុងការពិភាក្សាក្រោមវិធានបទរួមដ៏មានសារៈសំខាន់ស្តីពីការពង្រឹងសកម្មភាពគាំទ្រធម្មជាតិ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ចំពោះលទ្ធផលរំពឹងទុក និងជាកាលានុវត្តភាពនៃវត្តមានពីបណ្តារដ្ឋជាសមាជិក ដើម្បីធ្វើបទអន្តាគមន៍នៃការប្រកាសសេចក្តីថ្លែងការណ៍ជាតិដែលបានគូសបញ្ជាក់ពីកាតព្វកិច្ចផ្លូវច្បាប់រៀងៗខ្លួន ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលធ្វើឱ្យប៉ះពាល់ដល់ធម្មជាតិ និងបរិស្ថាន រួមមាន ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ ការបំពុល និងសំណល់ ដោយកំណត់បាននូវបញ្ហាគន្លឹះក្នុងការបង្កើនសកម្មភាពទប់ស្កាត់ និងដោះស្រាយទៅបញ្ហាពាក់ព័ន្ធ ដូចជា ការបំពុលប្លាស្ទិក សេដ្ឋកិច្ចចក្រា និងការការពារជីវចម្រុះ។
ចំណែកខួបលើកទី៥០ នៃកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ ប្រព្រឹត្តទៅក្នុងគោលបំណងសំខាន់ ដើម្បីរំលឹកខួបនូវការសម្រេចបានសមិទ្ធផលដែលទទួលបានចាប់តាំងពីថ្ងៃនៃការបង្កើតកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីបរិស្ថានមនុស្សជាតិ ដែលបានរៀបចំនៅទីក្រុងស្តុកខុម ប្រទេសស៊ុយអែត។
ស្របតាមរបៀបវារៈនៃអង្គសន្និបាត នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលជាប្រធានដឹកនាំគណៈប្រតិភូកម្ពុជា និងជាតំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចូលរួមថ្លែងប្រកាសសេចក្តីថ្លែងការណ៍ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអង្គសន្និបាតផងដែរ៕ អរគុណសន្តិភាព