សម្តេចអគ្គមហាពញចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធZoom
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣ ខែមីនា ឆ្នាំ២០២២នេះ តាមប្រព័ន្ធវីដេអូ Zoom។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តរបៀបវារចំនួនពីរមាន៖
១-អនុម័តលើសំណើសុំជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមួយរូប សម្រាប់ជំនួសឯកឧត្តម អ៊ឹមសួស្តី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវចប់អាណត្តិ ដោយបានប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំនីតិវិធីជ្រើសរើសឥស្សរជនដែលមានលក្ខណៈសម្បត្តិសមស្រប។
២-អនុម័តទទួលយកសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដែលជាសំណើរបស់ រាជរដ្ឋាភិបាល មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា៕