សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ យាងទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព។
ក្នុងព្រះរាជពិធីដង្ហែព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាពេលនេះ ក៏មានការអញ្ជើញចូលរួមពី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងមន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ជាច្រើនរូបទៀតផងដែរ។
សូមគោរពជម្រាបជូនដែរថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចតែងយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាពជាទៀតទាត់តាមកាលបរិច្ឆេទកំណត់ថ្វាយដោយក្រុមវេជ្ជបណ្ឌិតចំណានៗ នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន៕
 
អត្ថបទដែលជាប់ទាក់ទង