ស្នងការនគរបាលខេត្តត្បូងឃ្មុំ បង្កើនការការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ ខណៈឯកឧត្តមបណ្ឌិតអភិបាលខេត្ត បន្តលើកទឹកចិត្តកងកម្លាំងនូវថវិកា ៥លានរៀល
ខេត្តត្បូងឃ្មុំ៖ ដើម្បីបង្កើនការការពារធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការរៀបចំប្រជុំជួរ និងត្រួតពិនិត្យកម្លាំង ដាក់បទបញ្ជា ផែនការ យុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណា បន្តរឹតបន្តឹងវិន័យកងកម្លាំង ក្នុងគោលដៅធានាបាននូវសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បន្ទាប់ពីត្រួតពិនិត្យកម្លាំងបានចប់សព្វគ្រប់ហើយ លោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំក្បួនកងកម្លាំង ម៉ូតូ រថយន្ត ល្បាតតាមភូមិសាស្ត្រសំខាន់នៃតំបន់រដ្ឋបាលខេត្ត និងសាលាខេត្តត្បូងឃ្មុំ ក៏ដូចជាទទួលនូវអនុសាសន៍ដឹកនាំ និងការលើកទឹកចិត្តពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ និងទទួលបទបញ្ជា ក្នុងការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសថែរក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមក និងឆ្លងកាត់ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីសំណេះសំណាល ថ្លែងការកោតសរសើរ និងផ្តាំផ្ញើរួចមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ៥០០០០០០រៀល ដល់ស្នងការនគរបាលខេត្តត្បូងឃ្មុំ ខណៈដែលកន្លងមកឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ តែងតែចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ជាការជួយជម្រុញលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕