ចាស់ជរាគ្មានទីពឹងម្នាក់ ទទួលបានផ្ទះមនុស្សធម៌ទី៨ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត

ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃអង្គារ ទី៨ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ ព្រះវត្តមាន ព្រះនាគមុនី មេគណខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ក្មុងជួរគណៈកម្មាធិការសាខា រួមនឹងមន្ត្រីសង្ឃនៃសាលាគណខេត្ត និងអនុសាខាស្រុក បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៨ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត ជូន លោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជរាគ្មានទីពឹង អាយុ ៧២ឆ្នាំ រស់នៅ ភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ។
គួររំលឹកថា យាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយគ្មានទីពឹង មានកូនប្រុសស្រី ៣នាក់ ក្នុងនេះ ២នាក់មានគ្រួសាររស់នៅបែកគ្នា ឯកូនប្រុស ១នាក់ទៀត អាយុ ៣៥ឆ្នាំ មានសតិមិនគ្រប់ រស់ក្នុងបន្ទុក គាត់សព្វថ្ងៃ ខណ: ជីវភាពគាត់ ជួបលំបាកស្រាប់ រក បានព្រឹក ខ្វះល្ងាច ។
ប៉ុន្មានឆ្នាំមកនេះ លោកយាយ បានធ្លាក់ខ្លួនមានជម្ងឺប្រចាំកាយ ពុំមានលទ្ធភាពរកទទួលទានបាន ក៏ដាច់ចិត្ត​លក់ដីភូមិរបស់ខ្លួន ហើយចែកប្រាក់មួយចំនួនដល់កូន ២នាក់ដែលបែកនៅឆ្ងាយ ឯប្រាក់សេសសល់ មួយចំនួនទៀត ទុកចិញ្ចឹមកូនម្នាក់ក្នុងបន្ទុកផង និងមើលជំងឺខ្លួនឯងផង អ្វីដែលអាណិតបំផុតនោះ គឺ ២​នាក់ ម្តាយនិងកូន ត្រូវប្រឈមនឹងកង្វះទីជម្រក ហើយបង្ខំចិត្ត ដើរសុំស្នាក់ពំនាក់ ក្រោមផ្ទះអ្នកជិតខាង ។
មើលឃើញពីស្ថានភាពលំបាកនេះ ព្រះចៅអធិការវត្តស្រុក បានសម្រេចផ្តល់ដីជាគរុភ័ណ្ឌវត្ត ១ប្លង់ ជូនលោកយាយ រស់នៅតែមិនប្រគល់អោយជាកម្មសិទ្ធិទេ ហើយ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មា​ធិការ​សាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០ ០០០ ០០០រៀល ជាថវិកាបដិភាគ របស់សាខាសាលាគណៈ អនុសាខាស្រុកសាលាអនុគណៈ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជន ជូន លោកយាយ អ៊ាង មួយហ៊ាង សម្រាប់ ស្នាក់នៅ តទៅ។
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកប្រាប់ដល់អ្នកចូលរួម និង ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ត ” រស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-19″ ដោយម្នាក់ ៗ ត្រូវបង្កើនការថែទាំសុខភាព ការពារខ្លួនអោយបានជាប្រចាំ ដោយមិនត្រូវធ្វេសប្រហែស ឬ មើលស្រាល ជំងឺ កូវីដ-19 នេះ បានឡើយ ។
ក្នងកាល:ទេស:នេះ ទាំងអស់គ្នា ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង ជំរុញសាច់ញាតិ បងប្អូន កូនចៅ ឲ្យទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ទាំងដូសមូល​ដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដែលជួយអោយសហគមន៍មានភាពស៊ាំ និងធ្វើអោយសកម្មភាពសេដ្ឋកិច្ច មាន ដំណើរការល្អប្រសើរ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោក​យាយ អ៊ាង មួយហ៊ាង សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង ទឹកត្រី ១២ដប  ទឹកស៊ីអ៊ីវ ១២ដប មី ២កេស ឃីត ២សម្រាប់ អាវយឺត ១២ម៉ាស់ ២ប្រអប់ ចង្ក្រាន១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា ២០០០០០រៀល ។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០០០០រៀលផងដែរ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង