Detail Top Banner

CAMSOC និងសហព័ន្ធកីឡាជាតិ ជំរុញផែនការរៀបចំទីលានប្រកួតសម្រាប់ស៊ីហ្គេម២០២៣

ភ្នំពេញ៖ គណៈកម្មការទីលានប្រកួតនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ២០២៣ (CAMSOC) និងសហព័ន្ធកីឡាជាតិនានាបានរៀបចំកិច្ចប្រជុំមួយ កាលពីល្ងាចថ្ងៃ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីជំរុញបន្ថែមលើផែនការរៀបចំទីលានប្រកួតឱ្យបានរួចរាល់ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថា នេះជាការពិភាក្សាបន្ថែមលើកិច្ចការរៀបចំទីលានប្រកួតឱ្យបានរួចរាល់ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ។ សហព័ន្ធកីឡាជាតិដើរតួនាទីសំខាន់ណាស់ ក្នុងការរៀបចំទីលានប្រកួត ដោយពិនិត្យលើទំហំបច្ចេកទេស លើប្រភេទកីឡារបស់ខ្លួន ក្នុងកិច្ចសហការជាមួយគណៈកម្មការទីលានប្រកួតរបស់ CAMSOC ដើម្បីឱ្យបានរៀបរយជាដំណាក់កាលៗ សម្រាប់ស៊ីហ្គេម ២០២៣។

ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា ការកំណត់ និងការរៀបចំទីលានប្រកួតត្រូវធ្វើឱ្យបានរួចរាល់ប្រមាណ ៩៥ភាគរយ នាខែកញ្ញា ឆ្នាំ២០២២ ហើយនៅដើមឆ្នាំ២០២៣ គ្រប់ទីលានប្រកួតទាំងអស់ត្រូវរួចរាល់ ហើយចូលដល់ខែកុម្ភៈ និងខែមីនា ២០២៣ ជាពេលវេលាតុបតែងលម្អ ដាក់សម្ភារបច្ចេកទេស ប្រព័ន្ធសំឡេង ប្រព័ន្ធភ្លើងជាដើម។ នៅខែមេសា ឆ្នាំ២០២៣ គឺយើងត្រូវត្រួតពិនិត្យឡើងវិញថា នៅមានខ្វះខាត​លើបច្ចេកទេសអ្វីខ្លះ គឺត្រូវបំពេញបន្ថែម ដើម្បីឱ្យមានភាពប្រណីត និងអស្ចារ្យ ប៉ុន្តែត្រូវកាត់បន្ថយការចំណាយ ដោយឈរលើភាពសន្សំសំចៃខ្ពស់ ក្នុងការរៀបចំទីលាននេះ ដោយសារតែទីលានកីឡាខ្លះមិនសូវមានមានអ្នកចូលមើល គឺយើងរៀបចំកន្លែងអង្គុយទស្សនាតិច។

ជាទូទៅការរៀបចំទីលានប្រកួតនេះ ត្រូវបានកំណត់បាន៩០ភាគរយហើយៗនៅសល់តែ ២-៣សហព័ន្ធ ក្នុងចំនួនប្រមាណ១០ភាគរយប៉ុណ្ណោះ ដែលយើងកំពុងពិនិត្យការសាងសង់ និងជួសជុលកែលម្អឡើងវិញ។ ពេលវេលាដែលនៅសេសសល់យើងនឹងអាចរៀបចំទាន់ពេល ដែលការរៀបចំទីលានប្រកួតនេះ មិនមែនជាក្តីកង្វល់នោះទេ វាចោទជាបញ្ហាតែទៅលើសិទ្ធផលរបស់អត្តពលិកមួយចំនួន ដែលឆ្លងកាត់ការវាយតម្លៃថា គុណភាពបច្ចេកទេស នៅក្រោម៥០ភាគរយ នោះគឺជាបញ្ហា ដែលសហព័ន្ធកីឡាជាតិនោះ ត្រូវពិនិត្យឡើងវិញ ដើម្បីសម្រួចគោលដៅឱ្យទទួលបានលទ្ធផល ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ភាគច្រើននៃទីលានប្រកួតស៊ីហ្គេម ២០២៣ គឺជាទីលានបណ្តោះអាសន្ន ដែលរុះរើវិញ ក្រោយបញ្ចប់ការប្រកួតនេះ ដូចជាទីលានក្នុងសាលជាច្រើនប្រភេទកីឡា នៅមជ្ឈមណ្ឌលពិព័រណ៍ OCIC នៅជ្រោយចង្វារ រួមទាំងទីលានកីឡាក្រៅសាលជាច្រើនទៀត ក៏ជាទីលានដែលសាងសង់ និងរុះរើ ក្រោយបញ្ចប់ការប្រកួតដូចគ្នាផងដែរ។

គួរបញ្ជាក់ថា CAMSOC បានសម្រេចជាគោលការណ៍ នូវទីលានប្រកួតចំនួន៦តំបន់សំខាន់ៗ ដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងទីលានជិះសេះ នៅភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ដែលជាកន្លែងរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដោយតំបន់ធំៗទាំងនេះត្រូវចែកចេញជាផ្នែកតូចៗទៀត ដោយផ្អែកទៅលើទីតាំងសំខាន់ៗ ក្នុងនោះនៅរាជធានីភ្នំពេញ គឺជាកន្លែងប្រមូលផ្ដុំជាង ៣០ប្រភេទកីឡា ខណៈពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ផង និងជាកន្លែងប្រកួតកីឡាមួយចំនួនផងដែរ ស្របពេលដែលពហុកីឡដ្ឋានជាតិអូឡាំពិក ក៏ជាកន្លែងប្រកួតកីឡាមួយចំនួនធំផងដែរ៕ by AKP

អត្ថបទដែលជាប់ទាក់ទង