ក្រុមជួញដូរគ្រឿងញៀន ជាង៤០គីឡូក្រាម សមត្ថកិច្ចបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមជួញដូរគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជាតិអាមេរិកម្នាក់ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង ៤០គីឡូក្រាម បានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។
សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ទោ ឆាយ ហូត លោក ឧត្តមសេនីយ៍ត្រី គឹម តូ លោក ទេព វ៉ាន់ណារ៉ា នាយករងមន្ទីរ នឹងមានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ និងប្រតិបត្តិការណ៍បង្ក្រាបនៅចំណុចមុខផ្ទះលេខ… បុរីឧទ្យានបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខណ្ឌទួលគោក ដោយឃាត់ខ្លួនបាន។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ ដែលទី១-ឈ្មោះ USSTTERIABDURRAHMAN A ភេទប្រុស កើតឆ្នាំ១៩៨៩ ជនជាតិអាមេរិចកាំង ។ ទី២-ឈ្មោះ ឆាយ ទី ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិខ្មែរ ។ សមត្ថកិច្ចដកហូតយកវត្ថុតាងរួមមាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤២គីឡូ និង៧២៤ក្រាម ។
ជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕