ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថាបនាសម្រេចបាន៩៨​ទៅ៩៩​ភាគរយហើយ ៥ថ្ងៃទៀតនឹងរួចរាល់ដើម្បីដាក់អោយប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន

ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាល​រាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩៨ទៅ៩៩ភាគរយហើយ ពោលគឺនៅតែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះនឹងរួចរាល់ជាស្ថាពរ ដើម្បីដាក់អោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ ក៏ដូចជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនេះ ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរសៀលថ្ងៃទី១៤ ខែមីនាឆ្នាំ២០២២ ។
ការចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ របស់ឯកឧត្តម ឃួង ស្រេង ដើម្បីជំរុញការងារដែលនៅសេសសល់ឲ្យបានរួចរាល់ក្នុងរយៈពេល ៥ថ្ងៃទៀតដើម្បីសុំគោលការណ៍បើកប្រើប្រាស់ជាបណ្ដោះអាសន្ននិងពិនិត្យមើលស្ថានភាពនៃការដាក់ទីតាំងវេទិកាបើកសម្ពោធស្ពានអាកាសនេះជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនាពេលខាងមុខ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលថ្មីខាងលើនេះនឹងធ្វើឡើងនៅថ្ងៃណានោះទេ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា៖ ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ការដ្ឋានទាំងមូលបានសម្រេចប្រមាណ ៩៨ទៅ៩៩ភាគរយហើយ ពោលគឺនៅតែរយៈពេល៥ថ្ងៃទៀតការដ្ឋានមួយនេះនឹងស្ថាបនាបានរួចរាល់ រដ្ឋបាលរាជធានី គ្រោងនឹងសុំគោលការណ៍ទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកអោយដំណើរការជាបណ្ដោះអាសន្ន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បាន ហើយនៅពេលវេលាដ៏សមគួរមួយ រដ្ឋបាល​រាជ​ធានី​​ភ្នំពេញ និងសុំគោលការណ៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីអញ្ជើញសម្តេចតេជោ ជាអធិបតីភាព បើកសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនៃស្ពានអាកាសថ្មីនៅរង្វង់មូលចោមចៅនេះជាផ្លូវការតែម្តង។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ពីភាពយឺតយ៉ាវបណ្តាលមកពីបញ្ហាជម្ងឺកូវីដ-១៩ផងដែរ ដែលធ្វើឲ្យកម្មករក៏ដូចជាអ្នកទទួលការ​សាង​សង់​នៅអូសបន្លាយពេល ប៉ុន្តែទោះបីជាយ៉ាងណាក្តី ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងអាចអោយប្រជាពលរដ្ឋបាលឆ្លងកាត់ជាបណ្តោះអាសន្ននៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។
គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាង​សង់​​ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លាអាមេរិក។
ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវ​សាង​សង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។
ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។
ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦​ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង ៥,២៥​ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែល​មានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិ​លេខ​៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់​ចរាចរពីផ្លូវជាតិលេខ៤ មក​មហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០​គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៨,៥ម៉ែត្រ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។
ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអា​កាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។ គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​គតិព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង