ឯកអគ្គរដ្ឋទូតវៀតណាមសម្ដែងនូវការកោតសរសើរពីការអភិវឌ្ឍរាជធានីភ្នំពេញ និងការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ
ភ្នំពេញ៖ ឯកឧត្តម ង្វៀន ហ៊ុយថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ទសវត្សរ៍នេះ ពិសេស ២ឆ្នាំចុងក្រោយនេះកម្ពុជា អាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ បានយ៉ាងល្អ រក្សាបាននូវសេដ្ឋកិច្ចជាតិល្អ ប្រជាជនមានជីវភាពល្អប្រសើរ។
ការសំដែងនូវការកោតសរសើរបែបនេះ របស់ឯកឧត្តម ង្វៀន ហ៊ុយថាំង បានធ្វើឡើងខណៈដែលលោកបានជួបសម្ដែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ង្វៀន ហ៊ុយថាំង បានមានប្រសាសន៍ថា រាជធានីភ្នំពេញក្នុងរយៈពេល៤ទសវត្សរ៍នេះពិតជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបពី ៤០ឆ្នាំមុន គឺដូចមេឃហើយនឹងដី ។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានជួបនៅជំងឺរាតត្បាតកូវីដ-១៩ ដូចប្រទេសផ្សេងទៀតនៅលើពិភពលោក ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាអាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩នេះយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។
ឯកឧត្តមបន្តថា សម្រាប់រាជធានីភ្នំពេញ គឺការរៀបចំក្រុងបានល្អប្រសើរ ហើយទំនាក់ទំនងរវាងទីក្រុងភ្នំពេញនិងទីក្រុង រវាងប្រទេសនិងប្រទេសកម្ពុជា-វៀតណាម ឃើញថា មានសាមគ្គីភាព មានទំនាក់ទំនងកាន់តែល្អប្រសើរ រឹតមាំនិងខ្លាំងក្លា។
ឯកឧត្តមបញ្ជាក់ថា ឯកឧត្តមនឹងធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែករកធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកម្ពុជានិងវៀតណាមមានទំនាក់ទំនងមានសាមគ្គីភាពគ្នាកាន់តែរឹងមាំថែមទៀត នៅពេលដែលឯកឧត្តមមកធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ ។ ឯកឧត្តមក៏បានសូមឱ្យរាជធានីភ្នំពេញនិងទីក្រុងហូជីមិញ ផ្លាស់ប្ដូរទស្សនកិច្ចគ្នាឲ្យបានច្រើន ដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសគឺការផ្សារភ្ជាប់ បណ្ដុះបណ្ដាលយុវជននៃប្រទេសទាំងពីរឲ្យមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការការងារល្អជាមួយគ្នានិងកាន់តែរឹងមាំ ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងដែលថា ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ បានធូរស្រាលដោយជម្ងឺកូវីដ-១៩ យើងក៏បានបើកប្រទេសឲ្យដំណើរការឡើងវិញហើយដែរ ធ្វើឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើការទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ក្នុងការរឹតចំណងសាមគ្គីភាព ឲ្យកាន់តែមានភាពរឹងមាំថែមទៀត។
ឯកឧត្តមបញ្ជាក់ផងដែរថា នៅពេលដែលប្រទេសយើងទាំងពីរមានទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អ ការរស់នៅជាមួយគ្នាដោយភាពស្មោះត្រង់ យោគយល់គ្នា នោះប្រទេសទាំងពីរ នឹងមានសាមគ្គីភាពគ្នាកាន់តែល្អនិងរឹងមាំយូរអង្វែង៕ អរគុណសន្តិភាព