ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍលំនៅដ្ឋាន កាន់តែប្រសើរឡើង មានក្រុមហ៊ុនបណ្ដាក់ទុនរកស៊ីយ៉ាងច្រើននៅកម្ពុជា

ភ្នំពេញ៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំង ទន្ទឹមនិងនេះការអភិវឌ្ឍលំនៅដ្ឋាន ក៏កាន់តែប្រសើរឡើងផងដែរ សន្តិភាពនេះហើយដែលធ្វើឲ្យក្រុមហ៊ុនឯកជន មានការបណ្ដាក់ទុនរកស៊ីយ៉ាងច្រើន នៅកម្ពុជា មិនថានៅរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្ត បង្កើតបាននូវការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋមានជីវភាពធូរធា។
នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តមអញ្ជើញ ក្នុងពិធីសំណះសំណាលជាមួយបុគ្គលិកកម្មករ កម្មការិនី ដែលកំពុងពេញការងារក្នុងការដ្ឋាននិងត្រួតពិនិត្យគុណភាពសំណង់បុរីមេគង្គលែន តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨មីនានេះ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍក្រុមហ៊ុនសំណង់មិនថា នៅរាជធានីភ្នំពេញឬនៅតាមបណ្តាខេត្តនោះទេ គឺសុទ្ធតែបង្កើតបាននូវការងារធ្វើជូនបុគ្គលិកកម្មករ កម្មការិនី ។ តែបើ
ប្រទេសជាតិមានអសន្តិសុខ គឺមិនមានអ្នកចូលមកធ្វើការវិនិយោគនោះទេ ជាក់ស្តែងដូចជានៅប្រទេសអ៊ុយក្រែន មានបញ្ហាជាមួយរុស្ស៊ីគឺមិនមានក្រុមហ៊ុនណាហ៊ានទៅរកស៊ីនៅក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។
ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ក្រុមហ៊ុនមានឱកាសរកស៊ី បង្កើតឲ្យកម្មករកម្មការិនីមានការងារធ្វើ គឺដោយសារតែប្រទេសជាតិយើងមានសន្តិភាព ហើយសន្តិភាពនេះ បានមកពី សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ។ ដូច្នេះឯកឧត្តមស្នើឱ្យបងប្អូនកម្មករកម្មការិនីទាំងអស់រួមគ្នារក្សាឲ្យបានគង់វង្សនូវសន្តិភាពសម្រាប់កម្ពុជា។
ឯកឧត្តមបញ្ជាក់ផងដែរថា កម្មករកម្មការិនីនិងម្ចាស់ក្រុមហ៊ុនគឺប្រៀបបានអណ្ដាតនិងធ្មេញដែលយើងត្រូវរួមគ្នាដើម្បីឲ្យក្រុមហ៊ុនរីកចំរើន បើក្រុមហ៊ុនរីកចម្រើនយើងក៏រីកចំរើនដែរ។
លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរីមេគង្គលែន បានមានប្រសាសន៍លើកឡើងថា បុរីមេគង្គ​លែន បានចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិយ៉ាងខ្លាំងក្លា តាមរយៈការផ្តល់ជូននូវការងាររាប់ពាន់កន្លែង និងបង្កើនបន្ថែមជារៀងរាល់ឆ្នាំ តួយ៉ាងឆ្នាំ២០១៩ យើងមានបុគ្គលិក និងកម្មករ សរុបជាងមួយពាន់នាក់ ឆ្នាំ២០២០ បង្កើនទៅជា២ពាន់នាក់ រហូតមកដល់បច្ចុប្បន្ន។
ជាពិសេសក្នុងកំឡុងវិបត្តិកូវិត-១៩ យើងមិនបោះបង់ចោល ក្រុមការងារយើង ដោយចូលរួមជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បើកប្រាក់បៀវត្តន៍ជូនពេញលេញ ហើយថែមទាំងយកចិត្តទុកដាក់យ៉ាងខ្ពស់ទៅលើសុខភាពអនាម័យ ការផ្តល់ជាការឧបត្តម្ភស្បៀង ថវិកា ការធ្វើតេស្តរហ័សជាប្រចាំ និងការលើកទឹកចិត្តឲ្យចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវិត-១៩ បានចូលរួមលើកកម្ពស់គុណភាពសំណង់ និងបរិស្ថាន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធល្អប្រណិត សំណង់ដែលប្រើប្រាស់វត្ថុធាតុដើមរឹងមាំ តាមស្តង់ដារបច្ចេកទេសខ្ពស់ និងការរៀបចំប្រព័ន្ធប្រព្រឹត្តិកម្ម ប្រព័ន្ធការពារកណ្តៀរ ប្រព័ន្ធការពារឆក់។ល។ ហើយថ្មីៗនេះ យើងបានឈ្នះនូវ ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ប្រចាំតំបន់អាស៊ី ទៅលើម៉ូតផ្ទះ និងគុណភាពសំណង់ផងដែរ បានចូលរួមសកម្មភាពសប្បុរសធម៌ជាមួយអង្គការសប្បុរសធម៌នានា ឥតឈប់ឈរ ដើម្បីចូលរួមរំលែកបន្ទុកសង្គម៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង