សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញទទួលគារវកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលគារវកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។
អញ្ជើញធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងអង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងគោល​បំណងដើម្បីផ្សព្វផ្សាយកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២នេះ ឱ្យបានទូលំទូលាយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប បានអញ្ជើញអ្នកចូលរួមពិធីនេះប្រមាណជិត៧ពាន់នាក់ ទាំងចូលរួមដោយផ្ទាល់ និងតាមរយៈបណ្ដាញបញ្ជូនរូបភាព និងសំឡេង។
សម្ដេចបន្តថាសមាសភាពអញ្ជើញចូលរួមដោយផ្ទាល់មានប្រមាណ៣០០នាក់ ជាតំណាងនៃស្ថាប័ននីតិប្បញត្តិ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ ប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានីខេត្ត តំណាងស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ខណៈចូលរួមពីចំងាយតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងនោះ មានសមាសភាពមកពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃរដ្ឋបាល ក្រុង ស្រុកខណ្ឌ និងមេឃុំ ចៅសង្កាត់ទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចក៏បានគូសបញ្ជាក់អំពីការប្រព្រឹត្តទៅក្នុងពិធីប្រកាសនិងផ្សព្វផ្សាយកាលពីព្រឹកមិញ និងបានមានប្រសាសន៍ទៀតថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ មានគោលបំណង លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើក កម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានតម្លៃខ្ពស់ចំពោះ គ.ជ.អ.ប ដែលបានបំពេញតួនាទី ដឹកនាំ និងសម្របសម្រួលកិច្ចដំណើរការជាទូទៅនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។ សម្ដេចតេជោ ក៏បានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំចូលរួមអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវីធីកំណែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យជាបន្តបន្ទាប់។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ដថា សមិទ្ធផលនៃកំណែទម្រង់នេះ ពិតជាមិនអាចសម្រេចបានដោយរលូននោះទេ ប្រសិនបើពុំមានការចូលរួមដោយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានាតាំងពីដំណាក់កាល ដំបូងរហូតមកដល់បច្ចុប្បន្ននេះ។ ជាការពិតណាស់ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការដ្ឋានកំណែទម្រង់ដ៏សំខាន់ មួយក្នុងចំណោមការដ្ឋានកំណែទម្រង់ធំៗនានាពាក់ព័ន្ធនឹងការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលជាង៣អាណត្តិកន្លងមកនេះ។
សម្ដេចតេជោ បានបន្ថែមថា កំណែទម្រង់នេះ ផ្តោតទៅលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើសារធាតុសំខាន់ៗ នៃគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ពោលគឺ ភាពជាតំណាងសាធារណៈស្វ័យភាព ការពិគ្រោះយោបល់ និងការចូលរួម ការឆ្លើយតប ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការលើកស្ទួយសមធម៌ តម្លាភាពនិងសុចរឹតភាព គណនេយ្យភាព និងវិធានការ ប្រឆាំងអំពើពុករលួយ និងរំលោភអំណាច។ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈ ដែលត្រូវទទួលនូវសិទ្ធិអំណាចនានាដោយរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
សម្ដេចតេជោបានបន្តថាការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា គឺជាកិច្ចដំណើរការ មានលក្ខណៈសាំញ៉ាំ ស្មុគស្មាញ ទាមទារឱ្យមានការអនុវត្តក្នុងរយៈពេលយូរអង្វែងមួយ។
សម្ដេចបន្ថែមថារាជរដ្ឋាភិបាល នៅតែមានឆន្ទៈមោះមុត និងច្បាស់លាស់ក្នុងការអនុវត្តកំណែទម្រង់នេះដើម្បីធានាបង្កើតបាននូវវប្បធម៌ប្រជាធិបតេយ្យដោយមានការចូលរួមពីប្រជាពលរដ្ឋស្របតាមគុណតម្លៃស្នូលនៃរដ្ឋធម្មនុញ្ញ ការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍរសដ្ឋកិច្ចមូលដ្ឋាន សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយគុណភាពជីវិតរបស់ប្រជាពលរដ្ឋប្រកបដោយ បរិយាប័ន្ន និងសមធម៌សង្គម។
សម្ដេចអគ្គមហាសេនាបតីតេជោ ក៏បានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗដែលត្រូវអនុវត្តដើម្បីធានាដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ រួមមានការបន្តលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃការគ្រប់គ្រងការងារកំណែទម្រង់ ការបន្តពង្រឹងស្ថាប័នថ្នាក់ក្រោមជាតិ ការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំ និងពង្រឹងអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេចប្រមុខរាជរដ្ឋាភិបាលក៏បានស្នើឱ្យក្រសួងស្ថាប័ននានាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបន្តគាំ​ទ្រនិងចូលរួមអនុវត្តឱ្យកាន់តែសកម្មថែមទៀតស្របតាមតួនាទី និងការទទួលខុសត្រូវដែលបានកំណត់ ៕
អត្ថបទដែលជាប់ទាក់ទង