ឯកឧត្តមអភិបាលខេត្តតាកែវ និងលោកជំទាវ អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តសម្បត្តិទិព្វ (ហៅវត្តត្រាំកក់)

តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យទី២០ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី ព្រមជាមួយ លោក ហោ ប៊ុនវឌ្ឍន៍ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រាំកក់ លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ និង សប្បុរសជន បានអញ្ជើញចូលរួមសម្ពោធ សមិទ្ធផលនានាក្នុងវត្ត សម្បត្តិទិព្វ ហៅ វត្តត្រាំកក់ ស្ថិតនៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលចំណាយថវិកាអស់ប្រមាណ ជិត ១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់សប្បុរសជនក្នុង និងក្រៅប្រទេស ពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ព្រះចៅអធិការវត្ត ព្រះសង្ឃ លោកអាចារ្យគណៈកម្មការវត្ត ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមសាមគ្គីកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកាន់ព្រះពុទ្ធសាសនា​គោរពបូជា។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ មានស្ថានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីនេះក៏បាននាំមកនូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បូរណភាពទឹកដី និងកំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ជាមួយនឹងភាពសុខដុមរមនារបស់បងប្អូនប្រជាពលរដ្ឋ និងជីវភាពល្អប្រសើរបែបនេះ ពួកគាត់មានឱកាសចូលរួមកសាងសមិទ្ធផលនានា លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ឱ្យមានការរីកចម្រើនជាលំដាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងលោកជំទាវ ក៏បានចូលបច្ច័យកសាង ៥,០០០,០០០រៀល ដល់វត្តសម្បត្តិទិព្វ ព្រមទាំងចូលរួមឧបត្ថម្ភ លោកតា លោកយាយ ២០នាក់ ម្នាក់ៗ ថវិកា ១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ១០នាក់ ម្នាក់ៗ សារុង ០១ និងថវិកា ៥ម៉ឺនរៀល សិស្សានុសិស្ស ៤០នាក់ ម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច ២ដើម និងថវិកា ១ម៉ឺនរៀល ដបអាលកុលមួយចំនួនធំផងដែរ៕
អត្ថបទដែលជាប់ទាក់ទង