មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអំពាវនាវដល់វិស័យឯកជនទាំងអស់ចូលរួមវិនិយោគរោងចក្រវេចខ្ចប់ផ្លែស្វាយស្រស់សម្រាប់តម្រូវការនាំចេញ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអំពាវនាវដល់វិស័យឯកជន ទាំងអស់ចូលរួមវិនិយោគរោងចក្រវេចខ្ចប់ផ្លែស្វាយស្រស់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញទៅក្រៅប្រទេស ។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា ទោះបីកំណើននៃការ នាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស មានការកើនឡើងគួរឱ្យកត់សម្គាល់យ៉ាងណាក្ដី ក៏ការអនុវត្តន៍វិធានការអនាម័យនិងភូតគាមអនាម័យ នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដូចជា កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់មន្ទីរពិសោធន៍ការពាររុក្ខជាតិនិងភូតគាមអនាម័យ ស្ថានីយពិសោធន៍ស្រាវជ្រាវ ហេដ្ឋារចនាសម្ព័ន្ធកសាងទិន្នន័យវិទ្យាសាស្ត្រ វិទ្យាស្ថានការពាររុក្ខជាតិនិងភូតគាមអនាម័យជាដើម ។ ម៉្យាងទៀត ហេដ្ឋារចនាសម្ព័ន្ធសម្រាប់លាងសម្អាត វេចខ្ចប់ និងសម្លាប់សមាសភាពចង្រៃ នៅមិនទាន់ឆ្លើយតបទៅនឹងទំហំផលិតកម្មនិងការនាំចេញនៅឡើយ ។
លោកបន្តថា ហេតុនេះក្រសួងកសិកម្មអំពាវនាវដល់វិស័យឯកជនទាំងអស់ សូមចូលរួមវិនិយោគរោងចក្រវេចខ្ចប់ផ្លែស្វាយស្រស់ឲ្យបានច្រើនបន្ថែមទៀត ដើម្បីរៀបចំទុកដាក់ការវេចខ្ចប់ឱ្យមានគុណភាព សុវត្ថិភាពនិងកាន់តែមានស្តង់ដារខ្ពស់ សម្រាប់លក់ចេញទៅកាន់ទីផ្សារក្រៅប្រទេស ។
« ចាំបាច់គ្រប់ស្ថាប័ននិងអង្គភាពឬមួយក្រសួងពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធបំផុតក្នុងការជំនះឲ្យបាន នូវបញ្ហាប្រឈមនានាឧទាហរណ៍ដូចជា បញ្ហាប្រឈមដូចជាសមត្ថភាពនៃការផលិតឱ្យបានកសិផលមួយដែលមាន គុណភាពល្អត្រូវតាមស្តង់ដារ យើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយហើយដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារគ្រប់គ្រងបាននូវលក្ខខណ្ឌគុណភាពអនាម័យហើយក៏យើងត្រូវតែគោរពឱ្យបានទៅតាមស្តង់ដារអនាម័យនិងភូតគាមអនាម័យ ។អ៊ីចឹងបើសិនជាយើងចង់នាំចេញផ្លែស្វាយស្រស់នៅពេលប្រមូលផលខ្លាំងនេះគឺសមត្ថភាពរបស់យើងមិនទាន់គ្រប់ក៏យើងសង្កេតឃើញថាទាមទារឱ្យមានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឲ្យបានច្រើន ដើម្បីទាញយកនូវផលិតផលយើងដែលប្រមូលបានយកមកធ្វើការសម្អាតកែច្នៃដើម្បីធ្វើការនាំចេញ » ។
លោកបន្ថែមថា ការនាំចេញផ្លែស្វាយស្រស់ យើងបានចុះកិច្ចព្រមព្រៀងឬមួយក៏បានចរចាបំពេញបាននូវលក្ខខណ្ឌភូតគាមអនាម័យ ជាមួយនឹងប្រទេសចិនរួចហើយអាចនាំចេញទៅបាន ក៏ប៉ុន្តែតម្លៃស្វាយគឺមិនសូវមានតម្លៃខ្ពស់ ដោយសារយើងមិនអាចប្រកួតប្រជែងជាមួយនឹងប្រទេសដទៃ ព្រោះប្រទេសផ្សេងៗក៏មានដាំស្វាយដែរដូចជាវៀតណាម ថៃ ភូមា ឥណ្ឌា ហេតុនេះតម្លៃទីផ្សារស្វាយស្រស់នៅប្រទេសចិនគឺទាបដែលធ្វើឲ្យប្រទេសកម្ពុជា មានការពិបាកក្នុងការនាំចេញស្វាយស្រស់ទៅប្រទេសចិន ។ ហេតុនេះការផលិតត្រូវឱ្យមានគុណភាពតាមស្តង់ដារហើយមានថ្លៃដើមទាប និងការដឹកជញ្ជូនក៏មានលក្ខណៈប្រកួតប្រជែង ទើបយើងអាចនាំចូលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានច្រើន ។
សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន ១៣ម៉ឺនហិកតា ផ្ទៃដីប្រមូលផលស្វាយជាង ៩ម៉ឺនហិកតា ក្នុងបរិមាណទិន្នផលជាង ១៥តោនក្នុង១ហិកតា ស្មើនឹងទិន្នផលសរុបជិត ១.៤លានតោនក្នុងមួយរដូវ ៕