ក្រុមកីឡាករ កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជាបានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ (The 9th South East Asian Karate Championship 2022) លើកទី៩
ក្រុមកីឡាករ កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជាបានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ (The 9th South East Asian Karate Championship 2022) លើកទី៩ ពីថ្ងៃទី២៥-២៧ ខែមីនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ដោយមាន៩ប្រទេសចូលរួម រួមទាំងម្ចាស់ផ្ទះកម្ពុជា។
ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩នេះ គឺជាលើកដំបូងសម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ហើយនេះក៏ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់របស់ក្រុមអត្តពលិកការ៉ាតេកម្ពុជា ក៏ដូចជាអត្តពលិកក្នុងអាស៊ីអាគ្នេយ៍ទាំងមូលបង្កើនបច្ចេកទេសត្រៀមចូលរួមប្រកួត ស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងដែរ។ ជើងឯកអាស៊ីអាគ្នេយ៍នេះ ក៏ជារឿងដ៏សំខាន់បំផុតសម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទាំងការរៀបចំគ្រប់គ្រង និងទាំងការសម្រួចបច្ចេកទេសទៀតផង។
សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រយៈពេល៣ថ្ងៃនេះ គឺមានអត្តពលិកចូលរួម ៩ប្រទេស រួមមាន៖ ម្ចាស់ផ្ទះកម្ពុជា, ព្រុយណេ, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, ហ៊្វីលីពីន, សិង្ហបុរី, ថៃ, និងវៀតណាម ។ ពោលគឺអវត្តមានតែ មីយ៉ាន់ម៉ា និងទីម័រខាងកើតប៉ុណ្ណោះ។ ៩ប្រទេសនេះមានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងសរុប ១២១នាក់ ក្នុងនោះកម្ពុជាមាន ២០នាក់។
នៅក្នុងអំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កីឡាករ ថេង គឹមឈា បានប្តេជ្ញាចិត្តថា ខ្លួននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់លើកដំបូងនៅកម្ពុជានេះ។ កីឡាករវ័យ២៥ឆ្នាំរូបនេះរំពឹងថា ក្រុមកីឡាការ៉ាតេជម្រើសជាតិកម្ពុជានឹងទទួលបានលទ្ធផលល្អប្រសើរទៀតផង ដើម្បីជាទុនត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ផង និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ផង។
កីឡាករ ថេង គឹមឈា ដែលនឹងប្រកួតលើវិញ្ញាសាសម្ដែង និងប្រយុទ្ធបានចាត់ទុកថា ការប្រកួតនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រួចសមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជា ជាមួយកីឡាករ-កីឡាការិនីបណ្ដាប្រទេសក្នុងតំបន់ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ៕by AKP