ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស មនុស្សចំនួន ៦នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ១៥នាក់
ភ្នំពេញ៖ មនុស្សចំនួន ៦នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នេះបើតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ចំនួន ១២នាក់ ស្រី ៣នាក់ របួសស្រាល ៣នាក់ ស្រី ១នាក់ ដែលកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១២លើក។ ក្នុងចំណោមអ្នកស្លាប់ទាំង ៦នាក់នោះមាន ៣នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់បុកជាមួយម៉ូតូនៅខេត្តកែប។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥.៣០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា នៅលើកំណាត់ផ្លូវជាតិលេខ៣៣ នៅចំណុចទល់មុខស្ថានីយប្រេងឥន្ធន:តេលា ខាងកើតសេះស ចន្លោះគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប។ សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាកនីសាន់ ពណ៌ស ស្លាកលេខ ង.៥២១៩ ភព ២ បើកបរដោយឈ្មោះ ឈី វិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត បើកបរពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ១ គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1K8476 ស៊េរីឆ្នាំ២០១៦ អ្នកបើកបរឈ្មោះ ហុង វណ្ណា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ កសិកររស់នៅឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច និងអ្នករួមដំណើរម្នាក់ឈ្មោះ ម៉ៅ ញ៉េប ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។ បន្ទាប់ពីបុកម៉ូតូរួចបានបន្តជ្រុលទៅបុករថយន្ត ១គ្រឿងទៀតធ្វើដំណើរមកពីទិសខាងលិច ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោងរ៉ឺម៉កស្លាកលេខភ្នំពេញ 3A-2718 (អ្នកបើកបររត់ចោលរថយន្ត)។
ក្នុងហេតុការណ៍ខាងលើនេះបណ្តាលឱ្យអ្នកបើកបររថយន្តម៉ាកនីសាន់ស្លាប់ និងអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ២នាក់បានស្លាប់ផងដែរ៕
រូបភាពឯកសារ