ថ្នាក់ដឹកនាំក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូននាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង អញ្ជើញចុះសួរសុខទុក្ខ សំណេះ​សំណាល និងនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧ នៅទីបញ្ជាការកងពលភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនក្មួយៗ នាយទាហាន នាយទាហានរង និងពលទាហាន របស់យើង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូនក្មួយៗនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។
ពិធីសំណេះសំណាលនេះ គឺស្ថិតក្នុងស្ថានភាពនៃសភាពការណ៍របស់ប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សមេ្តចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើង ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្វរបស់យើងគ្រប់គ្នា តាមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ”។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានលើកឡើងពីវឌ្ឍនភាពមួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធិផលជាប្រវត្តិសាស្ត្រជាច្រើនទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមម្លប់សន្តិភាព និងការបង្រួបបង្រួមជាតិជាកម្លាំងតែមួយ ស្ថិតក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃយើង ដែលអាចដោះស្រាយបាននូវវិបត្តិធំៗនៅចំពោះមុខ តួយ៉ាងដូចជាវិបត្តិជាសកលជំងឺកូវីដ-១៩ ដែលកម្ពុជាយើងមានសមត្ថភាពអាចគ្រប់គ្រងនូវវិបត្តិនេះដោយជោគជ័យ មានឱកាសកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ជាតិ ពិសេសពលរដ្ឋមានជីវភាពធូរធារជាលំដាប់។
នាឱកាសនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវអំណោយក្នុងនាម សមេ្តច​តេជោ​នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្តល់ជូនដល់បងប្អូនក្មួយៗ នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ រួមមាន៖ តំណាងកងពលធំ លេខ ៣ ថវិកា ១ លានរៀល, មេបញ្ជាការកងពលតូច លេខ ៧ ថវិកា ១លានរៀល មេបញ្ជាការរងកងពលតូច លេខ ៧ ថវិកា ១៥ម៉ឺនរៀល/នាក់ នាយរងសេនាធិការកងពលតូច លេខ ៧ ថវិកា ១៥ម៉ឺនរៀល/នាក់ មេបញ្ជាការវរសេនាតូច ថវិកា ៤០ម៉ឺនរៀល/នាក់ មេបញ្ជាការរងវរសេនាតូច ថវិកា ១៥ម៉ឺនរៀល/នាក់ យុទ្ធជន ១,៤០០នាក់ ម្នាក់ៗទទួលបាន ថវិកា ១ម៉ឺនរៀល ត្រីខ ២កំប៉ុង សាប៊ូ ២ដុំ និងម៉ាស់ក្រណាត់ ៣ម៉ាស់។
សម្រាប់កងពលតូចអន្តរាគមន៍លេខ ៧ រួមមាន៖ ថវិកាសាងសង់សាលប្រជុំ ៤០លានរៀល, សង្កសី ២ពាន់សន្លឹក, ប្រេង ១ពាន់លីត្រ, មី ៣០០កេស, ទឹកពិសាបរិសុទ្ធ ២០០កេស, ស្រាបៀរ ២០០កេស, ទឹកក្រូច ១៥០កេស, ត្រីងៀត ១០០គីឡូក្រាម, ផ្អក ៥០គីឡូក្រាម, ត្រីខកំប៉ុង ៤០កេស, ទឹកស៊ីអ៊ីវ ៥៤យួរ, អង្ករ ២បាវ, ម៉ាស់ ១៥,០០០ម៉ាស់, សាប៊ូ ១០កេស, តេស្តរហ័សកូវីដ-១៩ ២៥០តេស្ត, ទឹកសម្លាប់មេរោគ ចំណុះ ២០លីត្រ ១០ធុង និងចំណុះ ៥០០មីលីលីត្រ ១០កេស។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា អំណោយដែលបានផ្តល់ជូននេះ ថ្វីត្បិតតែមិនច្រើន ប៉ុន្តែអាចចាត់ទុកថាជាស្មារតីសាមគ្គី សហការ រវាងកងទ័ព ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាជន។ នេះគឺជាខឿនការពារជាតិដ៏រឹងមំា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនំា និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសប្បុរសជនទំាងអស់ ដែលបានចូលរួមចំណែកដ៏ថ្លាថ្លៃជាមួយក្រសួង និងសូមកោតសរសើរដ៏ស្មោះស័្មគ្រចំពោះ នាយទាហាន នាយទាហានរង ពលទាហាន ព្រមទំាងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់សហការគ្នាយ៉ាងជិតសិ្នទ្ធ ចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់បងប្អូនក្មួយកងកម្លាំងប្រដាប់អាវុធនៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងការការពារបូរណភាពទឹកដី និងការពារសន្តិសុខសុវត្តិភាពជូនជាតិយើង៕
អត្ថបទដែលជាប់ទាក់ទង