លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ»

ខេត្តកំពត៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ស្តីពី «ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ»ដែលមានវត្តមានលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ លោកស្រីប្រធានអង្គការរីខុហ្វ (RECOFTC) លោកស្រីអគ្គនាយិការង និងលោកអនុប្រធានមន្ទីរបរិស្ថានខេត្តកំពត ជាច្រើនរូបចូលរួម ។
លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល​យេនឌ័រត្រូវបានរៀបចំ ដើម្បីបង្កើននូវសមត្ថភាព និងចំណេះដឹងថ្មីៗបន្ថែម ដើម្បីឱ្យពួកគាត់មានលទ្ធភាព និងភាពជឿជាក់ លើ ខ្លួន ឯង ក្នុងការចែករំលែកចំណេះដឹងបន្តដល់សមាជិកក្រុមការងារ មន្រ្តីបរិស្ថានថ្នាក់ខេត្ត សហគមន៍ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀត។ ឆ្លុះបញ្ចាំងពីវគ្គបណ្ដុះបណ្ដាល ក្រុមការងារនឹងធ្វើការកែសម្រួលឯកសារនិងវិធីសាស្រ្តបង្រៀន និងបោះពុម្ពសម្រាប់ចែកចាយ ដើម្បីគ្រូបង្គោលដែលបានបណ្ដុះបណ្ដាលរួចអាចយកទៅបណ្ដុះបណ្ដាលបន្តនៅថ្នាក់មន្ទីរ និងសហគមន៍។
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល លោកជំទាវ ម៉ុម ថានី បានកោតសរសើរចំពោះក្រុមការងារដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងដោយមានលក្ខណៈជាប្រព័ន្ធ និងបានទៅដល់ក្រុមគោលដៅគ្រប់កម្រិត មិនសម្រាប់តែមន្រ្តីរាជការវ័យក្មេង សមាជិកបណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិ ជនបង្គោលនៃមន្ទីរបរិស្ថានរាជធានីខេត្ត ដើម្បីយល់ដឹង និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀតលើការងារបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន។ ដោយបរិមាណគ្រូបង្គោលយេនឌ័រក្នុងវិស័យបរិស្ថានថ្នាក់ជាតិនៅមានកំណត់ ទាមទារ​យយើងធ្វើការពង្រឹង និងពង្រីកបន្ថែមនូវសមាសភាពគ្រូបង្គោល ក៏ដូចជាអ្នកសម្របសម្រួលផ្នែកយេនឌ័រក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិបន្ថែម ពិសេសនៅថ្នាក់រាជធានី មន្ទីរ ដើម្បីពង្រីកការបណ្តុះបណ្តាល​បានដោយប្រសិទ្ធ ភាព និងការទទួលខុសត្រូវខ្ពស់ ពិសេសការបណ្តុះបណ្តាលបន្តដល់​សហគមន៍​មូលដ្ឋាន។
វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងដោយក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន និងមានកិច្ចសហការពីអង្គការរីខុហ្វ ក្នុងគោលបំណង ១) ដើម្បីអនុវត្ត និងហ្វឹកហ្វាត់ការបង្រៀនរបស់ក្រុមការងារដែលនឹងក្លាយជាគ្រូបង្គោលថ្នាក់ជាតិឱ្យកាន់តែមានភាពស្ទាត់ជំនាញ និង ២) ចែករំលែកចំណេះដឹង និងពង្រឹងសមត្ថភាពដល់អ្នកពាក់ព័ន្ធនូវគោលគំនិតមួយចំនួនពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រ ដោយរួមបញ្ចូលនូវទស្សនទានយេនឌ័រ និងទ្រឹស្តីសំខាន់ទាក់ទងនឹងភាពជាអ្នកដឹកនាំ ដែលប្រព្រឹត្តទៅពីថ្ងៃអង្គារទី១៩ ដល់ថ្ងៃព្រហស្បតិ៍ទី២១ ខែមេសា ឆ្នាំ២០២២ នៅខេត្តកំពត៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង