ផ្លូវបេតុង៦ខ្សែក្នុងសង្កាត់ព្រែកហូរ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ
ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាលបានរៀបចំសម្ភោធផ្លូវបេតុងចំនួន៦ខ្សែដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងពិធីសម្ភោធនេះ មានផ្លូវបេតុងអាមេចំនួន ៦ខ្សែ ប្រវែង៩៧០ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស ០,១៥ ម៉ែត្រ ដាក់លូមុខកាត់ ០,៦ម៉ែត្រ ប្រវែង៣៧១ម៉ែត្រ រឺុហ្គា ១៧កន្លែង និងលូរំដោះទឹកមុខកាត់ ០,៣ម៉ែត្រ ប្រវែង ៥២ម៉ែត្រ រឺុហ្គា១៥កន្លែង ក្នុងភូមិព្រែកហូរលិច ភូមិព្រែកហូរលិច១ និងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថាៈ នេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀតដ៏មានសារៈសំខាន់ជាទីបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកហូរ ក៏ដូចជាប្រជាជនទូទៅដែលបានធ្វើដំណើរឆ្លងកាត់ក៍ដូចជាសម្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទបានយ៉ាងងាយស្រួល ហើយក៏ជាចំណែកមួយក្នុងការជួយរំដោះទឹកជំនន់ដោយទឹកភ្លៀង នឹងជួយជម្រុញនូវកំណើនសេដ្ឋកិច្ចគ្រួសារប្រជាជនដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋានផងដែរ។
ឯកឧត្តមបានបន្តថាៈ សមិទ្ធិផលដែលកើតចេញពីការដឹកនាំប្រកបដោយឆន្ទៈ និងការរួមសាមគ្គីនេះហើយ បានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ច សង្គម របស់ប្រជាជន កាន់តែត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀតផង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា វិស័យហេដ្ឋារចនាសម្ព័ន្ធបានក្លាយជាសរសៃឈាម ដ៏ចម្បងក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។
ឯកឧត្តមបន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នបានយកចិត្តទុកដាក់ និងគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានកំពុងបន្តកសាងផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងៗទៀត ដើម្បីទុកជាសម្បត្តិសាធារណៈ បម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូន ជាពិសេសបានលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ៕ អរគុណសន្តិភាព