ក្រុមប្រទេស G7 បង្កើនសម្ពាធទៅលើប្រទេសរុស្ស៊ីដោយសារស្ថានការណ៍នៅអ៊ុយក្រែន
បណ្តាប្រទេសនៃក្រុមប្រទេស G7 នឹងរក្សានិរន្តរភាព និងបង្កើនសម្ពាធរបស់ពួកគេទៅលើប្រទេសរុស្ស៊ីដោយសារតែស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 និងអភិបាលធនាគារកណ្តាលនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «យើងនឹងរក្សានិរន្តរភាព និងបង្កើនសម្ពាធដែលបានសម្របសម្រួលរួចរបស់យើងឱ្យបានយូរតាមដែលចាំបាច់ ហើយបន្តជំរុញឱ្យប្រទេសផ្សេងៗទៀតគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង»។
បណ្តារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលនៃក្រុមប្រទេស G7 ក៏បានកត់សម្គាល់ផងដែរថា ក្រុមប្រទេស G7 រួមគ្នាជាមួយបណ្តាដៃគូនានាជុំវិញពិភពលោកនឹងបន្តចាត់វិធានការសម្របសម្រួលឆ្លើយតបទៅនឹងការបន្តនៃការកើនឡើងតម្លៃទំនិញដោយសារតែសង្រ្គាមនេះចំពោះប្រទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា «យើងក៏នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយដៃគូរបស់យើងផងដែរ ដើម្បីពង្រឹងការដាក់ទណ្ឌកម្មរបស់យើង និងការពារការប៉ុនប៉ងណាមួយដើម្បីគេចវេស ជៀស ឬបំពេញទណ្ឌកម្មឡើងវិញ»។
បណ្តាប្រទេសនៃក្រុម G7 រំពឹងថា ចំនួនសរុបនៃថវិកាជំនួយបន្ថែមដល់ប្រទេសអ៊ុយក្រែននឹងមានលើសពី ២៤ប៊ីលានដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០២២ និងឆ្នាំក្រោយៗទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹង។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ការបង្កើតសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅថ្ងៃទី១៤4 ខែកុម្ភៈ ឆ្នាំ២០២២ រួមជាមួយនឹងសហគមន៍អន្តរជាតិ ពួកយើងបានផ្តល់ និងសន្យានូវការគាំទ្របន្ថែមយ៉ាងច្រើនលើសពី ២៤ប៊ីលានដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០២២ និងឆ្នាំក្រោយៗទៀត ទាំងផ្នែកហិរញ្ញវត្ថុ និងសម្ភារៈ»។
បណ្តាប្រទេស G7 បាននិយាយថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជុំវិញស្ថានការណ៍នៅអ៊ុយក្រែនត្រូវបានរៀបចំឡើងក្នុងទិសដៅមួយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ប្រទេសទីបី និងសេដ្ឋកិច្ចពិភពលោក៕ by AKP