ឯកអគ្គរដ្ឋទូតអូស្ត្រាលី កោតសរសើររាជធានីភ្នំពេញ លើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG)បានសំដែងនូវការកោតសរសើរចំពោះរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្ពុជាបានយ៉ាងល្អ ដែលធ្វើអោយជម្ងឺនេះមិនរីករាលដាលធ្ងន់ធ្ងរ។
ការកោតសរសើរបែបនេះរបស់ លោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG) បានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ខណៈលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។


លោកប៉ាប្លូ កាង បានបញ្ជាក់ផងដែរថា សម្រាប់រាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិតជាបានល្អប្រសើរ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺនេះ ហើយខណៈដែលរាជធានីភ្នំពេញកំពុងប្រឈមនឹងការរីករាលដាលកូវីដ-១៩នោះ អាជ្ញាធររាជធានីភ្នំពេញ គឺពិតជាគ្រប់គ្រងបានយ៉ាងល្អប្រសើរដែលធ្វើឲ្យអត្រានៃការឆ្លងជំងឺនេះមានលក្ខណៈធូស្រាល មិនធ្ងន់ធ្ងរដូចបណ្ដាប្រទេសមួយចំនួនឡើយ។
លោក ប៉ាប្លូ កាង ក៏បានលើកឡើងផងដែរថា សម្រាប់អូស្ត្រាលី និងធ្វើការសិក្សាបន្ថែមទៅលើទីក្រុងវ័យឆ្លាតសម្រាប់រាជធានីភ្នំពេញ បន្ថែមពីនេះលោក ប៉ាប្លូ កាង ក៏បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់រដ្ឋបាលរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញពិតជាអរគុណ ចំពោះការជួយរបស់អូស្ត្រាលីទៅលើការសិក្សាទៅលើការ​រៀបចំ​នៅទីក្រុងវៃឆ្លាត អោយរាជធានីភ្នំពេញ។


ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញនឹងជួយជ្រោមជ្រែងគ្រប់ការងាររបស់ស្ថានទូតអូស្ត្រាលី រដ្ឋបាលរាជធានីភ្នំពេញនិងធ្វើការសហការការងារជាមួយស្ថានទូតអូស្ដ្រាលីឲ្យកាន់តែប្រសើរបន្ថែមទៀត ខណៈដែលកម្ពុជានិងអូស្ត្រាលី យើងមានទំនាក់ទំនងការទូតជាមួយគ្នាជាង ៧០ឆ្នាំមកហើយ។
គួរបញ្ជាក់ថា អតីតអគ្គមេបញ្ជាការ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) លោក ឧត្តមសេនីយ៍ឯក John Murray Sanderson AC និងភរិយា លោកស្រី Lorraine Sanderson នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ដើម្បីអបអរខួបទី៣០ឆ្នាំ នៃអ៊ុនតាក់ និងជាផ្នែកមួយនៃការអបអរខួបទី៧០ នៃទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងកម្ពុជា។


ពាក់ព័ន្ធនិងអ៊ុនតាក់នេះ ឯកឧត្តម ឃួង ស្រេង បានសម្ដែងនូវការអរគុណចំពោះអ៊ុនតាក់ ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពសម្រាប់កម្ពុជា ដោយក្នុងនោះតួអង្គសំខាន់ ដែលរកសន្តិភាពបានពិតប្រាកដសម្រាប់ប្រទេសកម្ពុជានោះ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង