ប្រទេសកាណាដា គ្រោងនឹងបើកស្ថានទូតឡើងវិញជាមួយប្រទេសអ៊ុយក្រែន
អន្តរជាតិ៖ បើតាមប្រព័ន្ធផ្សព្វ ផ្សាយក្នុងស្រុកបានរាយការ ណ៍កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា លោកស្រី Melanie Joly ជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាណាដាបាននិយាយថា រដ្ឋាភិបាលកាណាដា គ្រោងនឹងបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៩ ខែមេសា។ យោងតាមរបាយការណ៍របស់ CTV លោកស្រី Joly បាននិយាយនៅចំពោះមុខកិច្ចការបរទេសព្រឹទ្ធសភា និងគណៈកម្មាធិ ការពាណិជ្ជកម្មអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ថា គោលបំណងរបស់លោកស្រីគឺត្រូវធ្វើក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោកស្រី Joly បានបន្តថា “យើងគ្រាន់តែត្រូវធ្វើឱ្យប្រាកដថា មានសុវត្ថិភាពសម្រាប់បុគ្គលិក ហើយយើងក៏កំពុងសម្លឹងមើលនូវអ្វីដែលសហសេវិក និងសម្ព័ន្ធមិត្ត Five Eyes ផ្សេងទៀតរបស់យើងកំពុងធ្វើ”។ ប្រទេសកាណាដាបានបិទស្ថានទូតរបស់ខ្លួននៅទីក្រុងគៀវកាលពីថ្ងៃទី ១២ ខែកុម្ភៈ ហើយបានផ្លាស់ប្តូរបុគ្គលិកការទូតទៅកាន់ទីក្រុង Lviv ភាគខាងលិច ក្រោយមកបុគ្គលិកទាំងអស់ត្រូវបានផ្លាស់ទៅប្រទេសប៉ូឡូញវិញ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថា ចក្រភពអង់គ្លេស គ្រោងនឹងស្តារឡើងវិញនូវទំនាក់ទំនងការទូតនៅលើដីរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនក្នុងសប្តាហ៍នេះ។ CTV បានរាយការណ៍ថា សហរដ្ឋអាមេរិក បារាំង និងអ៊ីតាលីបានប្រកាសផែនការស្រដៀងគ្នាផងដែរ៕ by AKP