Detail Top Banner

ប្រកួតគ្នាយ៉ាងស្វិតស្វាញលើភ្នំ ពោរពេញដោយឧបសគ្គក្នុងខេត្តកំពត ដោយអ្នកជិះកង់៣២៨នាក់

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១ ខែឧសភា អ្នកស្រលាញ់ការជិះកង់ និងកីឡាករ កីឡាការីនីអាជីពប្រមាណជាង៣២៧នាក់បានចូលរួមព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល ២០២២ជុំទី១ ធ្វើឡើងនៅលើភ្នំកកេសស្ថិតក្នុងទឹកដីនៃខេត្តកំពត។

 

លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 ឲ្យដឹងថាជុំទី១បានទាក់ទាញកីឡាករ កីឡាការីនីជម្រើសជាតិ មហាជនដែលស្រលាញ់ការជិះកង់ទាំងក្មេងចាស់ប្រុសស្រី និងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុងចូលរួមជាច្រើនសរុបរហូតដល់ទៅ​៣២៨នាក់ធ្វើការប្រណាំងយ៉ាងស្វិតស្វាញ និងពោរពេញដោយថាមពល។


លោក Pierre Yves Catry មានប្រសាសន៍ថា៖ «ទីលានប្រណាំងនៅកំពតមានស្ថានភាពផ្លូវលំបាក មានផ្លូវទួល ផ្លូវថ្ម ដែលទាមទារការប្រើប្រាស់កម្លាំងខ្លាំង និងត្រូវមានបច្ចេកទេសជំនាញជិះកង់ខ្លាំងនៅពេលប្រណាំង។ ទោះបីស្ថានភាពលំបាកក៏ដោយ កីឡាករ​ កីឡាការីនីជាច្រើនចូលរួមប្រណាំងយ៉ាងសប្បាយរីករាយ ថែមទាំងអាចស្វែងយល់គន្លឹះក្នុងការជិះកង់ភ្នំ និងអាចពង្រឹងបទពិសោធន៍បច្ចេកទេសរបស់ខ្លួន»។


អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងដែរថា៖ «ទីលានប្រណាំង​ជុំទី១នេះស្ថិតក្នុងតំបន់ទេសចរណ៍ធម្មជាតិដ៏គួរឲ្យទាក់ទាញ ធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងកង់ភ្នំទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសមានពលរដ្ឋរស់នៅក្នុងតំបន់ និងនៅតាមបណ្តាខេត្តនានាបានអញ្ជើញ​មកទស្សនាផ្ទាល់ភ្នែកយ៉ាងច្រើនកុះករ ដែលធ្វើឲ្យជុំទី១មានភាពអ៊ូអរ និងសប្បាយជាខ្លាំង»។

បើតាមអ្នកស្រី គង់ កុសល ក្រៅពីសកម្មភាពនៃការប្រណាំងកង់យ៉ាងរស់រវើកនោះ ព្រឹត្តិការណ៍ប្រណាំង​កង់​ភ្នំ WURKZ MOUNTAIN BIKE SERIES ក៏មានការរៀបចំការភ្លក់ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងស្រាបៀរ កម្ពុជាដោយឥតគិតថ្លៃផងដែរ ដែលបន្ថែមភាពសប្បាយរីករាយកាន់តែខ្លាំងដល់អ្នកចូលរួមព្រឹត្តិការណ៍រយៈពេលកន្លះថ្ងៃនេះ។ នេះគឺជាព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដែលមានវិញ្ញាសារប្រកួត ១៤ផ្សេងគ្នា បើកស្វាគមន៍ដល់មហាជនគ្រប់រូប ធ្វើការប្រកួតកម្សាន្តសម្រាប់សុខភាព និងពង្រឹងសមត្ថភាពអ្នកជិះកង់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយ FLYING BIKES2 ក្រោមការគាំទ្រពីសហព័ន្ធខ្មែរកីឡាទោចក្រយាន និងឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ គ្រោងធ្វើឡើងចំនួន ៥ជុំ នៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ព្រែកលៀបក្នុងរាជធានីភ្នំពេញ និងឧទ្យានជាតិគិរីរម្យ៕ by AKP

អត្ថបទដែលជាប់ទាក់ទង