កិច្ចប្រជុំស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន ដែលផ្តួចផ្តើមដោយកម្ពុជា មានលទ្ធផលធំៗ៣ ដែលមីយ៉ាន់ម៉ាទទួលបាន
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងតួនាទីជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា តាមទម្រង់ផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំពិគ្រោះយោបល់ ដែលបានធ្វើឡើង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអគ្គលេខាធិការអាស៊ាន ដែលនេះជាផ្នែកមួយនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច។ កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពីលោកស្រី ចយស៍ មស៊ូយ៉ា ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលរងផ្នែកជំនួយសង្គ្រោះបន្ទាន់ ព្រមទាំងតំណាងជាន់ខ្ពស់មកពីបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ រួមទាំងក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកមនុស្សធម៌ ទីភ្នាក់ងារឯកទេសរបស់អង្គការ សហប្រជាជាតិ ដៃគូខាងក្រៅរបស់អាស៊ាន និងអង្គការអន្តរជាតិពាក់ព័ន្ធនានានៅមីយ៉ាន់ម៉ា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖
១) ក្របខ័ណ្ឌការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន
២) ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង
៣) ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។
១) ក្របខ័ណ្ឌការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន
២) ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង
៣) ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។
ក្រសួងការបរទេស បានបញ្ជាក់ពីលទ្ធផលនៃកិច្ចពិភាក្សាសំខាន់ ទាំង៣នោះ ដែលជាផលប្រយោជន៍សម្រាប់មីយ៉ាន់គឺ៖
-ចំណុចទី១ គឺក្របខ័ណ្ឌការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន អង្គប្រជុំបានឯកភាពថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) ដោយមានការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ នឹងធ្វើការកំណត់ទីតាំងនៃរដ្ឋ និងតំបន់នានាសម្រាប់ការអនុវត្តក្របខ័ណ្ឌនេះ។ រដ្ឋនិងតំបន់ទាំងនោះ រួមមាន កាយ៉ា កាយីន ម៉េកវ៉េ សឺហ្គាយ និងប៉ាហ្គូ។
លើសពីនេះ ដោយមានការយល់ព្រមពីក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ មជ្ឈមណ្ឌល AHA នឹងជួយសម្រួលដល់ការស្នើសុំ ដើម្បីបានចូលទៅកាន់តំបន់ដែលជំនួយមនុស្សធម៌គួរទៅដល់ តាមរយៈក្របខ័ណ្ឌនេះ ហើយក៏នឹងស្នើនូវបញ្ជីដៃគូអនុវត្តនានា។ ក្រុមការងារមីយ៉ាន់ម៉ា ទទួលបន្ទុកជំនួយមនុស្សធម៌ ក៏នឹងធ្វើការជាមួយគណៈកម្មាធិការសាមគ្គីភាព និងកសាងសន្តិភាព ដើម្បីធានាថាជំនួយមនុស្សធម៌ នឹងត្រូវបានបញ្ជូនទៅសហគមន៍នានានៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានតំបន់របស់អង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ។ ផែនការលម្អិតបន្ថែមទៀត ដើម្បីអនុវត្តក្របខ័ណ្ឌនេះ នឹងត្រូវរៀបចំដោយមជ្ឈមណ្ឌល AHA និងក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌។
-ចំណុចទី២ គឺតម្រូវការក្នុងការដោះស្រាយបញ្ហាប្រឈម ផ្នែកប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ ក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ បានឯកភាពខិតខំឱ្យអស់ពីសមត្ថភាពពន្លឿនការផ្តល់ជំនួយមនុស្សធម៌ ហើយជំរុញឱ្យមជ្ឈមណ្ឌល AHA និងដៃគូអនុវត្តនានា ផ្តល់ឯកសារចាំបាច់ជាមុន។ ពិសេស ក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ ក៏បានធានាអះអាងជាថ្មីថា សុវត្ថិភាព និងសន្តិសុខរបស់សមាជិកក្រុមការងារឆ្លើយតប និងវាយតម្លៃគ្រោះមហន្តរាយអាស៊ាន (ASEAN-ERAT) បុគ្គលិករបស់មជ្ឈមណ្ឌល AHA និងក្រុមត្រួតពិនិត្យអាស៊ាន គឺជាអាទិភាពចម្បងរបស់ខ្លួន ព្រមទាំងបានសន្យាផ្តល់នូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ក្រុមត្រួតពិនិត្យអាស៊ាន ដើម្បីអាចបំពេញនូវតួនាទីរបស់ខ្លួន ស្របតាមឯកសារប្រតិបត្តិដែលបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ ។

ជាងនេះទៀត កិច្ចប្រជុំក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមការងារមីយ៉ាន់ម៉ា ទទួលបន្ទុកជំនួយមនុស្សធម៌ក្នុងការអនុញ្ញាតឱ្យមជ្ឈមណ្ឌល AHA ធ្វើការវាយតម្លៃតម្រូវការរួម និងអនុវត្តដំណាក់កាលទី២ នៅក្នុងតំបន់ដែលពិបាកទៅដល់។
-ចំណុចទី៣ ចំពោះក្របខ័ណ្ឌគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា ដែលបានស្នើឡើង កិច្ចប្រជុំបានកត់សម្គាល់ថា ក្របខ័ណ្ឌនេះ នឹងផ្តល់ឱកាសសម្រាប់ដៃគូដើម្បីរួមគ្នាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលត្រូវការ ប្រកបដោយសុវត្ថិភាពនិងទាន់ពេលវេលា។
លើសពីនេះ មជ្ឈមណ្ឌល AHA និងក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានព្រមព្រៀងគ្នាអនុវត្តក្របខ័ណ្ឌចាក់វ៉ាក់សាំង រួមគ្នារវាងក្រសួងសុខាភិបាលមីយ៉ាន់ម៉ានិងដៃគូ នៅតំបន់ដែលពិបាកទៅដល់។
នៅក្រោមក្របខ័ណ្ឌនេះ ក្រុមការងារប្រតិបត្តិដែលមាន ៥០ភាគរយ មកពីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា និង ៥០ ភាគរយទៀតមកពីដៃគូប្រតិបត្តិ នឹងត្រូវបញ្ជូនទៅផ្តល់វ៉ាក់សាំងនៅសហគមនដែលត្រូវការចាំបាច់។
មជ្ឈមណ្ឌល AHA ក្រោមកិច្ចពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នឹងកំណត់ និងផ្ទៀងផ្ទាត់តំបន់និងទីតាំង ដែលត្រូវការវ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាកំណត់ដៃគូប្រតិបត្តិនានា ដើម្បីគាំទ្រដល់ការគ្រប់គ្រងវ៉ាក់សាំងនៅមីយ៉ាន់ម៉ា។
កិច្ចប្រជុំក៏បានស្វាគមន៍ការប្ដេជ្ញាចិត្ដរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ក្នុងការលើកលែងពន្ធ និងសម្របសម្រួលការនាំចូលវ៉ាក់សាំងទៅក្នុងមីយ៉ាន់ម៉ា។
ក្រុមការងារមីយ៉ាន់ម៉ា បានអះអាងជាថ្មីជូនអង្គប្រជុំថា នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធានាថាជំនួយមនុស្សធម៌និងវ៉ាក់សាំងដែលផ្ដល់ពីអាស៊ាន និងដៃគូផ្សេងទៀត នឹងបានទៅដល់សហគមន៍នៅមីយ៉ាន់ម៉ា រួមទាំងតំបន់របស់អង្គការប្រដាប់អាវុធជនជាតិភាគតិច ដែលតំបន់ទាំងនេះក៏មានជំរុំជនបាត់បង់ទីលំនៅក្នុងស្រុក និងសហគមន៍រងផលប៉ះពាល់ផងដែរ ហើយការធ្វើដូចនេះនឹងប្រាកដថាគ្មាននរណាម្នាក់ និងគ្មានទីតាំងណាមួយត្រូវបានគេទុកចោលនោះឡើយ។
ក្រុមការងារមីយ៉ាន់ម៉ា ក៏បានបញ្ជាក់សារជាថ្មីថានឹងបន្ដធ្វើការជាមួយមជ្ឈមណ្ឌល AHA នៅរដ្ឋរ៉ាខាញ ដើម្បីអនុវត្ដអនុសាសន៍ការវាយតម្លៃតម្រូវការបឋម និងជំនួយមនុស្សធម៌អាស៊ានដំណាក់កាលទីពីរនៅមីយ៉ាន់ម៉ា៕ អរគុណសន្តិភាព(fn)