Detail Top Banner

ឯកឧត្តម លី វ៉ាន់ហុង អញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម VUONG QUOC TUAN សមាជិកបម្រុងមជ្ឈឹមបក្សកុម្មុយនីសវៀតណាម

ប្រទេសវៀតណាម(ហាណូយ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២​នេះ គណៈប្រតិភូក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម VUONG QUOC TUAN សមាជិកបម្រុងមជ្ឈឹមបក្សកុម្មុយនីស​វៀត​ណាម និងជាអនុប្រធានគណៈកម្មធិការប្រជាជនខេត្តបាក់និញ (អភិបាលរងខេត្ត) និងបានចុះពិនិត្យសិក្សាស្វែងយល់ទីតាំងធំទី៣ សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម បន្ទាប់ពីរដ្ឋធានីហាណូយ និងខេត្តក្វាង​និញ ។
ជម្រាបផងដែរថា ខេត្តបាក់នីញ មាន ចម្ងាយ ៥៧ គីឡូម៉ែត្រពីរដ្ឋធានីហាណូយ ហើយខេត្តនេះបានស្នើសុំទទួលរៀបចំការប្រកួតកីឡា SEAGAMES លើវិញ្ញាសាប្រកួតចំនួន៤ រួមមាន បាល់ទះ វាយសី ប្រដាល់ និងឃិកប៊ុកស៊ិញ។
នៅរសៀលថ្ងៃដដែល គណៈប្រតិភូក្រសួងព័ត៌មានក៏បានបន្តចុះពិនិត្យ និងសិក្សាស្វែងយល់ ពីការរៀបចំមជ្ឈមណ្ឌលកណ្ដាលសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលអញ្ជើញមកផ្ដិត​យកទិដ្ឋភាពព្រឹត្តិ​ការ​ណ៍កីឡាស៊ីហ្គេមលើកទី៣១ ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលសន្និបាតជាតិ នៃរដ្ឋធានីហាណូយ។
ក្នុងឱកាសនោះ គណៈប្រតិភូក្រសួងព័ត៌មានក៏ត្រូវបានអនុញ្ញាតឱ្យចូលដល់ទីតាំងបន្ទប់សម្រាប់រៀបចំសន្និសិទសារព័ត៌មានរបស់គណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេម បន្ទប់សម្រាប់អ្នកសារព័ត៌មានទទួល និងបញ្ជូនរូបភាពពីការប្រកួត​កីឡាស៊ីហ្គេមជាដើម។
លើសពីនេះទៀត គណៈប្រតិភូក្រសួងព័ត៌មាន​កម្ពុជា ក៏បានសិក្សាស្វែងយល់អំពីការងារផ្សាយផ្ទាល់របស់ទូរទស្សន៍​ជាតិវៀតណាម ដែលជាអង្គភាពទទួលបន្ទុកលើការផ្ដិតយកទិដ្ឋភាពទាំងស្រុងពីការប្រកួតនានាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីផ្សាយក្នុងស្រុក និងបញ្ជូនទៅបណ្ដាប្រទេសនានាដែលជាសមាជិកអាស៊ាន និងបណ្ដាប្រទេសលើសកលលោកផងដែរ៕
អត្ថបទដែលជាប់ទាក់ទង