ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការពារព្រំដែនឆ្នាំ២០២១-២០២២ នៅប្រទេសវៀតណាម

ប្រទេសវៀតណាម៖ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំជាមួយ ឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ខេត្តតៃនីញ ប្រទេសវៀតណាម ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនរាប់ចាប់តាំងពីឆ្នាំ២០០៤ មកហើយមកដល់ឆ្នាំ២០២១ កន្លងទៅនេះ ក៏បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោកទ្វេភាគី រវាងកងឯកភាពទាំងពីរ ដែលជាមូលដ្ឋានក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការកសាងព្រំដែនគោកនៃប្រទេសទាំងពីរ ឱ្យទទួលបាននូវសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕ (by AKP)អរគុណសន្តិភាព







