ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលថ្មី ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្ទឹងត្រែង ដោយលោកស្រី ញ៉ែម សុម៉ាលី ឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្ទឹងត្រែងថ្មី ជំនួសលោក នូ សុវណ្ណរ៉ា អតីតប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ចាស់ដែលបានទទួលមរណៈភាព។

នាពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងថ្មីនេះ គឺមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រតិភូអមដំណើរ នៃក្រសួងរ៉ែ និងថាមពល ព្រមទាំងលោកអភិបាលរងខេត្ត រួមនឹងប្រធានមន្ទីររ៉ែ និងថាមពល មកពីខេត្តក្រចេះ ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ថ្លែងក្នុងពិធី ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍លើកឡើងថា ការតែតាំងឬចូលកាន់មុខតំណែងរបស់ប្រធានមន្ទីររ៉ែ និងថាមពលថ្មី របស់ខេត្តស្ទឹងត្រែង នាពេលនេះ មិនមែនធ្វើឡើងតាមរយៈខ្សែ ស្រ​ឡាយ ឬបក្ខពួកនិយមនោះឡើយ ដោយការតែងតាំងប្រធានមន្ទីរថ្មី គឺបានធ្វើឡើងដោយមានការ វាយតម្លៃទៅលើសមត្ថភាពការងារពីថ្នាក់ដឹកនាំខេត្ត រួមនិងថ្នាក់ដឹកនាំរបស់ក្រសួងរ៉ែ និងថាមពលជាមុនផងដែរ។

ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍បន្តថា តាមរយៈការតែងតាងស្ត្រី ឲ្យធ្វើជាប្រធានមន្ទីររ៉ៃ និងថាមពលខេត្តស្ទឹងត្រែងនេះ សរបញ្ជាក់ឱ្យឃើញ នូវការលើកទឹកចិត្តទៅដល់ស្ត្រី ក្នុងការចូលរួមក្នុងតួនាទីជាអ្នកដឹកនាំ និងការសម្រេចចិត្ត ស្របតាមមុំទី៤ នៃគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ជាពិសេស ការពង្រឹងតួនាទីរបស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកមានសង្ឃឹមយ៉ាងមុតមាំថា លោកស្រី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែង ដែលទើបនឹងទទួលបានការតែងតាំងថ្មី នឹងខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យ ដើម្បីចូលរួម ធ្វើឲ្យបានសម្រេច នូវគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ របស់រដ្ឋសភា ព្រមទាំងចក្ខុវិស័យ និងគោលដៅនៃការអភិវឌ្ឍវិស័យរ៉ែ និងថាមពល របស់ក្រសួងរ៉ែ និងថាមពល និងគោលដៅអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង បានល្អជាក់ជាពុំខាន។

សូមបញ្ជាក់ដែរថា លោកស្រី ញ៉ែម សុម៉ាលី គឺជាវរមន្ត្រី ថ្នាក់លេខ៣ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពល ខេត្តស្ទឹងត្រែងថ្មី តាមការប្រកាសលេខ 0076 រថ.បល.ប្រក របស់ក្រសួងរ៉ែ និងថាមពល ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង