សង្គ្រាមនៅអ៊ុយក្រែន អាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីក្តីព្រួយបារម្ភ ស្តីពី វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែង ខណៈស្ថានភាពនៃសង្គ្រាមនេះ កំពុងបន្តអូសបន្លាយ ដែលជះឥទ្ធិពលលើវិស័យពាក់ព័ន្ធផ្សេងៗនៅក្នុងតំបន់ រាប់ចាប់តាំងពីវិស័យពាណិជ្ជកម្ម រហូតដល់វិស័យទេសចរណ៍។ ថ្លែងសុន្ទរកថាគន្លឹះ តាមរយៈសារវីដេអូថតទុក ក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) ក្រោមមូលបទ «របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នាទីក្រុងបាងកក ប្រទេសថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកឡើងពីភាពចាំបាច់ នៃការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព ដែលជារបៀបវារៈរួមសកលដ៏សំខាន់ ដែលបច្ចុប្បន្នដំណើរការ នៃការឈានសម្រេចបានគោលដៅនេះ កំពុងត្រូវបានបន្ទច់បង្អាក់ដោយសារបញ្ហាប្រឈមជាច្រើន ជាពិសេសវិបត្តិនៃជំងឺកូវីដ-១៩។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះវប្បធម៌នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពស៊ាំសហគមន៍ពេញលេញនៅទូទាំងសកលលោក និងបានលើកទឹកចិត្តឱ្យមាន ការបើកទូលាយ និងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្មដោយអនុត្តឱ្យបានពេញ លេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលបានចូលជាធរមាន និងការតភ្ជាប់ប្រជាជននិងប្រជាជន ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ដើម្បីរួមគ្នាស្តារ និងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ឡើងវិញ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ សម្តេចតេជោក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា រក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សន្តិភាព និងជាពិសេសសន្តិសុខស្បៀង ក្នុងប្រទេស និងតំបន់ ដោយរក្សាឱ្យបាននូវរំហូរ នៃទំនិញសំខាន់ចាំបាច់ ដើម្បីកុំឱ្យប្រជាជនរបស់យើងជួបទុក្ខលំបាកថែមទៀត និងគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។ សូមបញ្ជាក់ថា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ក៏បានដឹកនាំគណៈប្រតិភូរាជរដ្ឋានភិបាលកម្ពុជា រួមមាន ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិអេស្កាប់ មន្ត្រីជាន់ខ្ពស់ នៃក្រសួងស្ថាប័នពាក់ ព័ន្ធមួយចំនួន ព្រមទាំងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំប្រទេសថៃ ចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតនេះ៕ by AKP

អត្ថបទដែលជាប់ទាក់ទង