ប្រាសាទកោះកេរ អតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលសោយរាជ្យពីឆ្នាំ ៩២១-៩៤១ សម្រាប់ឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា
ខេត្តព្រះវិហារ ៖ ប្រាសាទកោះកេរ្តិ៍ ឬកោះកែរ (ធោកគគ្យិ៍រ) ដែលបន្សល់ទុកស្លាកស្នាមជាប្រវត្តិសាស្ត្រមានអាយុកាលជាង១ពាន់ឆ្នាំ ហើយមិនធ្លាប់ដឹងឮពីមុនមកនោះ ពេលនេះកំពុងលេចរូបរាងនៅខាងកើតតំបន់រាជធានីអង្គរ (អង្គរវត្ត) ដែលស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ចម្ងាយពីទីរួមខេត្តប្រមាណ៥០គីឡូម៉ែត្រ មានព្រំប្រទល់ស្រុកជាប់ជាមួយ និងស្រុកស្វាយលើ ខេត្តសៀមរាប ដែលមានចម្ងាយ៧២គីឡូម៉ែត្រពីក្រុងសៀមរាប និងចម្ងាយ១៦០គីឡូម៉ែត្រ ពីទិសអាគ្នេយ៍នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
តាមឯកសារយោងរបស់អាជ្ញាធរជាតិព្រះវិហារបានឲ្យដឹងថា នៅទសវត្យន៍ទី៩២១ ព្រះបាទជ័យវរ្ម័នទី៤ បានចាកចេញចោលអង្គរ (យសោធបុរី) ហើយបានប្តូររាជធានីទៅតំបន់មួយចម្ងាយប្រមាណជា១០០គីឡូម៉ែត្រភាគឥសានក្រុងអង្គរដែលមានឈ្មោះហៅថា (ធោកគគ្យិ៍រ) ប្រែថា (ស្រះគគីរ) ហើយបានប្រែក្លាយទៅជាកោះកេរ្តិ៍ ដែលបច្ចុប្បន្នគេហៅតំបន់នេះជាផ្លូវការថា (កោះកែរ) ។
ក្នុងឆ្នាំ៩២៨ ពេលដែលមហាក្សត្រគ្រងរាជ្យនៅយសោធរបុរៈបានសោយទីវង្គត ព្រះបាទជ័យវរ្ម័នទី៤ បានប្រកាសព្រះកាយជាស្តេចចក្រវាឡព្រមជាមួយ និងជំនឿនៃការគោរពបូជាចំពោះពិធីទេវរាជពោលគឺ (កម្រតេង ជគត តរាជ) ។
នៅទីនោះព្រះបាទបានចាប់ផ្តើមធ្វើសកម្មភាពធំៗដូចជា កសាងសង់ប្រាសាទជាច្រើន និងបារាយណ៍មានលំនាំដូចនៅអង្គរដែរ ។ នេះជាការស្តែងចេញនូវអំណាចសេដ្ឋកិច្ច និងធនធានមនុស្សសម្រាប់ធ្វើការនៃរជ្ជកាលរបស់ព្រះអង្គរ និងព្រមទាំងជាសញ្ញាណនៃកម្មវិធីថ្មី ។
តាមសិលាចារឹកមួយបានហៅថា រាជធានីកោះកែរថា (លិង្គបុរី) ពោល គឺសំដៅលើលិង្គមួយយ៉ាងធំ ដែលបានដាកតម្កល់លើកំពូលប្រាសាទពីរ៉ាមីតកាលជំនាន់នោះ ។ សិលាចរឹកបានចារលើកសរសើរពីវីរភាពរបស់ព្រះអង្គថា គឺជាការស្វែងរករាជ និងអំណាចគ្រប់គ្រងសេដ្ឋកិច្ចពិតប្រាកដ និងរាជធានីថ្កុំថ្កើងលើអាណាចក្រទាំងមូល ។
ភាពរុងរឿងក្រៃលែងរបស់ព្រះអង្គនៅទីនេះ មានរយៈពេលតែ២០ឆ្នាំ ពោល គឺនៅឆ្នាំ៩៤១ ទើបព្រះអង្គសោយទីវង្គត ហើយទទួលមរណៈនាមថា (បរមស្វរបទ) ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម(ហរសវរ្ម័ន)ទី២ បានគ្រងរាជបន្តរយៈពេលខ្លីដល់ឆ្នាំ៩៤៤ ទើបព្រះភាគីនេយ្យ(ក្មួយ)របស់ព្រះអង្គ គឺព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានយាងត្រឡប់ និងប្តូររាជធានីពីធោកគគ្យរ មកសោយរាជ្យនៅ យសោធបុរៈវិញ ។
បច្ចុប្បន្នរម្មណីយដ្ឋានកោះកេរ្តិ៍ ត្រូវបានកំណត់ជារម្មណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រដែលត្រូវការពារតាមព្រះរាជក្រិត្យលេខ នស/រកត/០៥០៤/០៧០ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៤ព្រមជាមួយព្រះរាជក្រឹត្យលេខនស/រកត/០៤១៦/៤១៦ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ស្តីពីការប្រគល់រម្មណីយដ្ឋានកោះកែរឲ្យស្ថិតនៅក្រោមការគ្របគ្រងរបស់អាជ្ញាធរជាតិព្រះវិហារវិញ ។
ប្រាសាទកោះកេរ្តិ៍គេបានចាត់ទុកថា ជាប្រាសាទភ្នំមានកំពស់៣៥ម៉ែត្រ ចែកចេញជា៧ថ្នាក់ដូចមហាចេតីយពីរ៉ាមីត បែរមុខទៅទិសខាងលិចទៅរករាជធានីអង្គរ មានជណ្តើរចំនួន៥៥កាំ (សព្វថ្ងៃមិនអាចប្រើបាន) លើកំពូលមានរូបចម្លាក់ទម្រព្រះសេវលិង្គ ហើយចំកណ្តាលមានមាត់អណ្តូងប្រវែង៤ម៉ែត្រ៤ជ្រុងចុះទៅក្រោម តែមិនអាចមើលឃើញដល់បាតព្រោះដុះលុបជិតអស់ ហើយនៅជុំវិញប្រាសាទនេះ ក្រុមស្រាវជ្រាវកំពុងរុករកមានប្រាសាទតូចៗចំនួន៩៦បន្ថែមទៀត នៅដាច់ៗពីគ្នា ដែលមានចម្ងាយពីគ្នាពី១គីឡូម៉ែត្រ ទៅ៣ឬ៤គីឡូម៉ែត្រ ដែលបានប្រាសាទខ្លះបាក់បែកបាត់រូបរាង និងនៅកប់ក្នុងដីជាច្រើនទៀត ។
ព្រះបាទជ័យវរ្ម័នទី៤ បានកសាងប្រាសាទនេះឡើងអស់រយៈពេល១៤ឆ្នាំទើបរួចរាល់ ដោយផ្តោតទៅលើទេវរូបលិង្គជាធំនៃតួប្រាសាទធំ និងតួប្រាសាទតូចៗផងដែរ ហើយតួប្រាសាទតូចៗជុំវិញ គឺជាផលប្រយោជន៍បានផ្តល់ជំនឿរបស់ប្រជាជន ៕ អត្ថបទ កាសែតកោះសន្តិភាព