“ធ្វើដំណើរជាង ២៥ ០០០គីឡូម៉ែត្រ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានជោគជ័យក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី”

ភ្នំពេញ៖ ដូចអ្វីដែលមិត្តអ្នកអានធ្លាប់ដឹងហើយថា កាលពីពេលកន្លងទៅ​ក្នុងបរិបទដែលវីរុសកូវីដ-១៩ បានវាយប្រហារកម្ពុជាស្ទើរតែមិនអាចគ្រប់គ្រងបាន ជាមួយនឹងការងារចាក់​វ៉ាក់សាំងកាន់តែស្រោចខ្លាំងឡើងៗនោះ ទៅគ្រប់ទិសនៅទូទាំងប្រទេសនោះ ក៏លេចចេញនៅយុទ្ធនាការ​ស្វែងរកជនទី១លាន ទី២លាន រហូតដល់ទី១០លាន ដែលបានចាក់វ៉ាក់សាំងចំលេខរៀងនេះ​ដើម្បីជាការផ្តល់​រង្វាន់លើកទឹកចិត្ត ព្រមជាមួយនឹងយុទ្ធនាការស្វែងរកជនដែលមានវ័យចាស់ជរាអាយុចាប់​ពី១០០ឆ្នាំឡើង​នៅទូទាំងប្រទេសដើម្បីផ្តល់ជាអំណោយ និងថវិកាលើកទឹកចិត្តផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ​កិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដែលបំពេញការងារនេះក្នុងនាម សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកអនុវត្តដោយ​ផ្ទាល់​នូវបេសកកម្មនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ក្នុងបទសម្ភាសន៍​មួយនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះថា ៖ “នៅពេលដែលខ្ញុំបានបំពេញបេសកកម្មការងារនេះចប់ និងដោយជោគជ័យនោះ ខ្ញុំក៏បានសម្រេចនិពន្ធសៀវភៅមួយឡើងក្រោមចំណងជើងថា “ធ្វើដំណើរជាង ២៥ ០០០គីឡូម៉ែត្រ បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានដោយជោគជ័យ ក្នុងនាម​សម្តេច​នាយករដ្ឋមន្ត្រី” ដើម្បីបង្ហាញនូវបេះដូង និងទឹកចិត្តសប្បុរសធម៌ដ៏មហិមា របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជាទូទៅ”។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា គោលបំណងសំខាន់របស់លោកជំទាវក្នុងការសសេររៀបរៀង​ចេញជា​សៀវភៅនេះឡើងទៀតនោះគឺដើម្បីបង្ហាញនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅប្រកបដោយការកោតសរសើរដ៏ស្មោះ ចំពោះគំរូល្អរបស់លោកយាយ -លោកតា ព្រះសង្ឃ ដែលមានព្រះជន្ម១០០ឆ្នាំឡើង និង​ប្រជាជនកម្ពុជាទូទៅ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពាសពេញផ្ទៃប្រទេសទាំងអស់ ដោយអនុលោមតាមយុទ្ធសាស្ត្រ “ផ្ការីក” ស្រោចវ៉ាក់សាំងកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចូលរួមចំណែកទប់ស្កាត់នូវមហន្តរាយសុខភាពសាធារណៈ និងសង្គ្រោះអាយុជីវិត​មនុស្ស​បាន​ទាន់ពេលវេលា។

ម្យ៉ាងវិញទៀត សៀវភៅនេះក៏មានគោលបំណងបង្ហាញពីបេសកកម្មជាប្រវត្តិសាស្ត្រដែលមិន​ធ្លាប់មាននៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ក្រោមគំនិតផ្តួចផ្តើម ចង្អុលបង្ហាញ និងប្រគល់ភារកិច្ចដ៏វិសេសវិសាលនេះ ពីសម្តេច​តេជោ ក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតាមរយៈ​បេសកកម្មក្នុងដំណើរជាង ២៥ ០០០គីឡូម៉ែត្រ នៅទូទាំងប្រទេសកម្ពុជាស្ទើរតែគ្រប់ភូមិ ឃុំ ស្រុក និងខេត្ត ហើយដំណើរបេសកកម្មនេះក៏បានបង្ហាញថា កម្ពុជាក៏មានលោកយាយ-លោកតា ដែលមានអាយុវែងលើស​ពី១០០ឆ្នាំឡើង មានចំនួនច្រើនផងដែរ។

បន្ថែមពីលើនេះ សៀវភៅដែលបានចងក្រងនូវសកម្មភាពធ្វើដំណើរមនុស្សធម៌ក្នុងនាម​សម្តេចតេជោ​នាយករដ្ឋមន្ត្រី នេះ មានគោលបំណងដ៏ធំមួយទៀត គឺរក្សាទុកជាឯកសារសម្រាប់ការសិក្សាស្រាវ​ជ្រាវនៃ​អ្នកជំនាន់ក្រោយ ដើម្បីសិក្សាឈ្វេងយល់ដឹងពីកិច្ចការសង្គមដ៏សំខាន់មួយនេះ ក្រោមបញ្ញាណដ៏អស្ចារ្យ និងវិសេសវិសាលបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ដែលមិនមានប្រទេសណាមួយនៅលើសាកលលោក​យើងនេះ មានធ្វើសកម្មភាពមនុស្សធម៌បែបនេះឡើយទេ នៅក្នុងអំឡុងពេលដែលស្ថានភាពរាតត្បាត​នៃជំងឺ​កូវីដ-១៩ កំពុងតែមានសភាពខ្លាំងក្លា ហើយសកម្មដំណើរបេសកកម្មមនុស្សធម៌ដ៏អស្ចារ្យបែប​នេះនៅ​កម្ពុជា ត្រូវបានដាក់ចេញឱ្យអនុវត្តនាពេលនោះផងដែរ។
សូមបញ្ជាក់ផងដែរថាសៀវភៅ “ធ្វើដំណើរជាង ២៥ ០០០គីឡូម៉ែត្រ បេសកកម្មមិនអាចទៅរួច បានក្លាយជា​បេសកកម្មសម្រេចបានដោយជោគជ័យ ក្នុងនាមសម្តេចនាយករដ្ឋមន្ត្រី” ត្រូវបានបោះពុម្ពជាលើកដំបូងចំនួន ៣ ០០០ក្បាល សម្រាប់ចែកជូនផ្សព្វផ្សាយដោយមិនមានការលក់ដូរអ្វីទាំងអស់ (free of charge) ជូនដល់​ក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងបណ្ណាល័យនានា (សម្រាប់ជាឯកសារស្រាវជ្រាវ) រដ្ឋបាលថ្នាក់ក្រោម​ជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គការជាតិ និងអន្តរជាតិ ស្ថានទូតនានា ស្ថាប័នសារព័ត៍មានមួយចំនួន និងបុគ្គលដែលពាក់ព័ន្ធផងដែរ។
លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ផងដែរថា សៀវភៅនេះ ត្រូវបានរក្សាសិទ្ធិគ្រប់បែបយ៉ាងដោយអ្នកនិពន្ធ ហើយប្រសិនបើមានអ្នកសិក្សាស្រាវជ្រាវ ឬអ្នកប្រកបរបរលក់ដូរ ចង់ធ្វើការថតចម្លង ឬបោះពុម្ភផ្សាយដាក់​លក់​បន្តនោះ ចាំបាច់ត្រូវស្នើសុំការអនុញ្ញាតពីអ្នកនិពន្ធជាមុនសិន។ លោកជំទាវក៏សូមឧទ្ទិសសៀវភៅនេះ គោរពជូនដល់លោកឪពុក ឱ គឹមហ៊ី ជាទីស្រឡាញ់បំផុតរបស់លោកជំទាវដែលបានធ្វើមរណកាលទៅហើយ និងអ្នកម្តាយលោកជំទាវ លី ច័ន្ទដ្ឋា ជាទីគោរពស្រឡាញ់បំផុតដែលកំពុងមានព្រះជន្មនាយុយឺនយូរ និង​សូមគោរពជូនដល់បុព្វការីជនទាំងឡាយដែលបានលះបង់អាយុជីវិតដើម្បីប្រទេសជាតិ ព្រមទាំងគោរព​ជូន​ដល់ប្រជាជនកម្ពុជាផងដែរ និងថ្លែងអំណរគុណដ៏ស្មោះជូនដល់ក្រុមការងារដែល​បានរួមដំណើរ​បេសកកម្ម​មនុស្សធម៌នេះទាំងអស់និងសហការី-ការិនី ដែលបានជួយជ្រោម​ជ្រែង​ធ្វើឱ្យ​សៀវភៅ​នេះបានលេចចេញជា​រូបរាងឡើង។
សូមរម្លឹកថា នៅក្នុងយុទ្ធនាការស្វែងរកជនទី ១លាននាក់ ២លាននាក់ រហូតដល់ទី១០លាននាក់ ព្រមទាំង​យុទ្ធនាការ​ស្វែងរកលោកយាយ-លោកតា ដែលមានព្រះជន្មចាប់ពី១០០ឆ្នាំឡើង ហើយបានរកឃើញលោក​យាយ លោកតា ជាង១០០នាក់នៅទូទាំងប្រទេស នាពេលកន្លងមក លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើដំណើរគ្រប់ច្រកល្ហក និងគ្រប់រាជធានី-ខេត្តដោយធ្វើដំណើរតាមរថយន្ត និងតាមផ្លូវទឹក ហើយក៏បាន​បិទបញ្ចប់ទាំងស្រុងនៅពេលដែលជនទី១០លាន ត្រូវបានរកឃើញ និងលោកយាយ-លោកតា ដែលមាន​ព្រះជន្ម១០០ឆ្នាំឡើង បានចាក់វ៉ាក់សាំងក៏បានរកឃើញអស់ផងដែរ។
ជាមួយគ្នានេះផងដែរ បេសកកម្មមនុស្សធម៌កន្លងទៅក៏បានរកឃើញនូវបុគ្គលដែលមានព្រះជន្មច្រើន​បំផុត​នៅកម្ពុជាយើងផងដែរ គឺលោកយាយ សូ អូន ដែលមានព្រះជន្មរហូតដល់ ១១៤ឆ្នាំឯណោះ ហើយសព្វថ្ងៃ​លោក​យាយរស់នៅភូមិស្លែង ឃុំខ្យង ស្រុកសែនជ័យ ខេត្តព្រះវិហារ៕ by AKP

អត្ថបទដែលជាប់ទាក់ទង