ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់


ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៩​និង០០នាទី នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិន គារ​ លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២។
ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែកមួយចំនួន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានមានប្រសាសន៍ស្វាគមន៍ និង​បើកកិច្ចប្រជុំព្រមទាំងបានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ។

ទន្ទឹមនឹងនោះ ឯកឧត្តម បានអនុញ្ញាតឲ្យលោកនាយការិយាល័យរដ្ឋបាលសរុប ឡើងអានរបាយការណ៍ ស្តីពីកិច្ចសហប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់។
ជាមួយគ្នានោះ កិច្ចប្រជុំក៏មានចូលរួមធ្វើបទបង្ហាញរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា​ ប៉ុស្តិ៍ភ្នំដិន និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ ក្នុងការធ្វើសេចក្តីរាយការណ៍អំពីសភាពការណ៍ទូទៅ ការអនុវត្តការងារជំនាញផ្សេងៗ បញ្ហាប្រឈម និងសំណូមពរ ជូនអង្គប្រជុំជ្រាប។
ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានចូលរួមមតិណែនាំការងារជំនាញមួយចំនួនដល់ការិយាល័យជំនាញទាំងបី ក៏ដូចជាគ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ចំណុះនាយកដ្ឋាន ត្រូវបន្តបង្កើនការតាមដាន គ្រប់គ្រង ពង្រឹងបញ្ជីវត្តមានមន្ត្រីក្រោមឱវាទឲ្យបានម៉ត់ចត់ និងត្រូវបែងចែកការអនុវត្តការងារ ក៏ដូចជាការលើកទឹកចិត្តឲ្យមានតម្លាភាព សុក្រឹត្យភាពជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

មិនតែប៉ុណ្ណោះ ឯកឧត្តម បានក្រើនរំលឹកដល់លោកនាយប៉ុស្តិ៍ទាំងអស់ ចំណុះនាយកដ្ឋាន ត្រូវដឹកនាំបើកកិច្ចប្រជុំប្រចាំខែ ជារៀងរាល់ខែ ដើម្បីប្រជុំផ្សព្វផ្សាយណែនាំរាល់ផែនការ ការងារជំនាញ ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ក៏ដូចជាអគ្គនាយកដ្ឋាន បានដាក់ឲ្យអនុវត្ត។

បន្ថែមពីនេះទៀត គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវបន្តពង្រឹងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបញ្ជីមុខសញ្ញាអន្តោប្រវេសន៍ ធ្វើយ៉ាងណាត្រូវត្រួតពិនិត្យផ្ទៀងផ្ទាត់បញ្ជីមុខសញ្ញាឲ្យបានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម ក៏បានបន្តណែនាំដល់គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ ត្រូវបញ្ចូលទិន្នន័យភ្ញៀវចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា CBMS ឲ្យបានគ្រប់ជ្រុងជ្រោយ និងឲ្យអស់ពីលទ្ធភាព និងត្រូវបន្តពង្រឹងណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ជាពិសេសមន្ត្រីផ្នែកបែបបទ ត្រូវបម្រើសេវាអន្តោប្រវេសន៍ជូនភ្ញៀវជាតិ-អន្តរជាតិ ឲ្យបានល្អប្រសើរ និងត្រូវប្រើប្រាស់ពាក្យសំដី ឥរិយាបថឲ្យសមជាមន្ត្រីនគរបាលជាតិ ហើយត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធឲ្យបានល្អ ដើម្បីជួយសម្រួលក្នុងកិច្ចការងារជំនាញឲ្យកាន់តែមានភាពរលូន។
ទន្ទឹមនឹងនោះ លោកជំទាវ ឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង បានមានប្រសាសន៍ចូលរួម ក៏ដូចជាលើកឡើងនូវចំនុចមួយចំនួនទៅលើរបាយការណ៍ នៃកិច្ចសហប្រតិបត្តិការរបស់នាយកដ្ឋាន ដោយបានក្រើនរំលឹកដល់នាយកដ្ឋាន ត្រូវបន្តអនុវត្តនូវទិសដៅការងារបន្តរបស់នាយកដ្ឋាន សម្រាប់ត្រីមាសទី១ និងត្រីមាសទី២ ឲ្យបានទាន់ពេលវេលា និងបានណែនាំដល់ការិយាល័យរដ្ឋបាលសរុប ជាពិសេស​មន្ត្រីផ្នែករបាយការណ៍ ត្រូវបន្តពន្លឿនរបបរបាយការណ៍ឲ្យបានទាន់ពេលវេលាដែលបានកំណត់។

ជាមួយគ្នានោះ លោកជំទាវ ក៏បានស្នើសុំឲ្យមានកិច្ចប្រជុំ ថ្នាក់ដឹកនាំនាយកដ្ឋាន ក៏ដូចជាការិយាល័យរដ្ឋបាលសរុប ក្នុងការកែសម្រួលទម្រង់របាយការណ៍របស់នាយកដ្ឋាន។
នៅទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយករង និងជាប្រធានអង្គប្រជុំ បានដោះស្រាយបញ្ហាប្រឈម និងសំណូមពរដែលអង្គប្រជុំទាំងមូលបានលើកឡើង ព្រមទាំងបានណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ចំណុះនាយកដ្ឋាន ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អប្រសើរ មានបញ្ហាអ្វីត្រូវលើកយកមកធ្វើការដោះស្រាយរួមគ្នាដោយសន្តិវិធី និងតាមឋានានុក្រមនៃការងារ។
កិច្ចប្រជុំទាំងមូលបានបញ្ចប់នៅវេលាម៉ោង ១២ និង០០នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ សិទ្ធស្នាល និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង