រុស្ស៊ីបាញ់កម្ទេចឃ្លាំង​ស្តុក​អាវុធ​អ៊ុយ​ក្រែ​ន​ដែល​ណា​តូ​ផ្ដល់​ឲ្យ​ នៅ​ជិត​ព្រំដែន​ប៉ូឡូញ​

មូ​ស្គូ​៖ យោធា​រុស្ស៊ី បាន​និយាយថា ខ្លួន​បាន​ប្រើប្រាស់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ដើម្បី​បំផ្លាញ​ឃ្លាំង​អាវុធ​មួយកន្លែង នៅ​ទីក្រុង Lviv ភាគ​ខាងលិច​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ជាទី​តាំង​ផ្ទុក​គ្រាប់រំសេវ​ដែល​ផ្គត់ផ្គង់​ដោយ​អង្គការ​ណា​តូ ចំពោះ​ទីក្រុង គៀវ ផងដែរ​។​
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី លោក Igor Konashenkov បាន​និយាយថា នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ូឡូញ កងកម្លាំង​រុស្ស៊ី បាន​ប្រើប្រាស់​មី​ស៊ី​ល Kalibr រយៈ​ចម្ងាយ​ឆ្ងាយ ដើម្បី​បំផ្លាញ​ឃ្លាំង​ដែល​នៅ​ជិត​ទីក្រុង Zolochiv របស់​អ៊ុយ​ក្រែ​ន​។ ទន្ទឹម​នោះ លោក Konashenkov បាន​បញ្ជាក់ថា កាំភ្លើង​ធំ M777 ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋអាមេរិក ត្រូវបាន​រក្សាទុក​នៅ​ទីនោះ​។​
លោក បន្តថា យន្តហោះ​ចម្បាំង ៤ គ្រឿង​ត្រូវបាន​បំផ្លាញ​នៅ​កន្លែង​ផ្សេងទៀត ហើយ​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី ក៏បាន​បំផ្លាញ​ប្រព័ន្ធ​ការពារ​អាកាស​របស់​អ៊ុយ​ក្រែ​ន នៅឯ​អាកាសយានដ្ឋាន​យោធា​មួយ​ក្នុង​តំបន់ Mykolaiv ភាគខាងត្បូង​ផងដែរ​។
ដោយឡែក មន្ត្រី​អ៊ុយ​ក្រែ​ន មិនបាន​ធ្វើការ​អត្ថាធិប្បាយ​ភ្លាមៗ នោះទេ សម្រាប់​ការអះអាង​ខាងលើនេះ​៕
អត្ថបទដែលជាប់ទាក់ទង