សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥”


សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥” មានគោល​បំណង ប្រមូលធាតុចូលនិងបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងការអនុវត្តន៍គោលនយោបាយនេះក្នុងពេលកន្លងមក ព្រមទាំងដើម្បីរៀបចំ ផែនការអនុវត្តន៍បន្តដែលសមស្រប សំដៅសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់ក្នុងគោលនយោបាយជាតិស្តីពីដំឡូងមី ។
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តន៍គោលនយោបាយជាតិស្តីពីដំឡូងមី​២០២០-​២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការផ្សព្វផ្សាយគោលជាតិស្តីពីដំឡូងមី​២០២០-២០២៥” ថ្នាក់តំបន់លើកទី៣ នៅខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ និងថ្នាក់តំបន់លើកទី៤ នៅខេត្តសៀមរាប នាថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងអគ្គជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តទាំងពីរ ។
ថ្លែងក្នុងសិក្ខាសាលាថ្នាក់តំបន់ទាំងពីរនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាលេខាធិការដ្ឋាន ក្នុងការបង្កើតក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីដំឡូងមី ២០២០-២០២៥ បានចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន ៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែល​ហ្សេ​ឡង់ ដែលធ្វើឱ្យទីផ្សាររបស់កម្ពុជាកាន់តែធំទូលាយ និងអនុគ្រោះដល់ទំនិញជាច្រើនអាចនាំចេញបាន ជាពិសេសទំនិញកសិកម្ម ដោយមិនជាប់ពន្ធ ឬពន្ធទាប និងមិនជាប់កូតា ។
ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋបាលស្វយ័តខេត្តក្វាងស៊ី ដើម្បីជំរុញការនាំចេញដំឡូងមីក្រៀមឱ្យបាន ៤០០០០០តោន(បួនសែន)ក្នុងមួយឆ្នាំ និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម ពន្លឿននីតិវិធីនៃការនាំចេញ មិនធ្វើ CO បើប្រទេសនាំចូលមិនត្រូវការវិមជ្ឈការឱ្យមន្ទីរពាណិជ្ជកម្ម នៅតាមបណ្តាខេត្តជាប់ព្រំដែនអាចចេញ CO ទម្រង់ D នាំចេញទំនិញកសិផលបាន។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជានាំចេញដំឡូងមីស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមី បានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសថៃ និងវៀត​ណាម។ តម្លៃដំឡូងមីឆ្នាំ២០២២៖ ដំឡូងមីស្រស់ ចន្លោះពី ២០០-២៨០រៀល/គីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៧០០-៧៨០រៀល/គីឡូក្រាម។ តម្លៃនេះមានលក្ខណៈល្អប្រសើរ ធៀបនឹងឆ្នាំកន្លងទៅ។
ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ដំណាំដំឡូងមី ត្រូវបានដាំដុះមានចំនួន០៩ស្រុក ក្នុងខេត្តបាត់ដំបង ដែលមាននៅស្រុកបាណន់ បវេល រតនមណ្ឌល សំឡូត សំពៅលូន ភ្នំព្រឹក កំរៀង រុក្ខគិរី និងគាស់ក្រឡ ជាមួយនឹងបរិមាណផលប្រមាណ ៣២៧៦០៧៣តោន លើផ្ទៃដីដាំដុះសរុប ១៤៥៨៩៤ហិចតា។ ចំពោះតម្លៃដំឡូងមីលើទីផ្សារក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ (២០២០-២០២២) ជារួមសង្កេតឃើញតម្លៃមានភាពល្អប្រសើរ ទាំងដំឡូងមីស្រស់ និងដំឡូងមីកៀម ដែលតម្លៃនេះ ធ្វើឱ្យកសិករទទួលបានប្រាក់ ចំណេញ ក្រោយប្រមូលផលរួច។ ចំពោះការងារសម្របសម្រួល ទីផ្សារ និងតម្លៃ មន្ទីរបានតាមដានតម្លៃ ទិញ-លក់ដំឡូងមីជាប្រចាំ។


ដោយឡែកចំពោះខេត្តសៀមរាបវិញ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ដំឡូមីគឺជាដំណាំកសិ-ឧស្សា​ហកម្មមានសក្តានុពល បន្ទាប់ពីដំណាំស្រូវ ដែលមានផ្ទៃដី ដាំដុះសរុប ៦៧៩៥៤ហិកតា ជាមួយ​ផល​ប្រមាណ ១៥,៦៥ តោន ក្នុងនោះមានស្រុកចំនួន០៨ ដែលមានសក្តានុពលសម្រាប់ដំណាំដំឡូងមីរួមមាន ស្រុកអង្គរជុំ ស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកស្រីស្នំ ស្រុកវ៉ារិន និងស្រុកស្វាយលើ។
សម្រាប់ទីផ្សារដំឡូងមីនៅក្នុងខេត្តមិនទាន់មានរោងចក្រ ឬសិប្បកម្ម កែច្នៃម្សៅដំឡូងមីនោះទេ ពោលគឺកសិករលក់ទៅ ឱ្យឈ្មួញ ដើម្បីនាំចេញដំឡូងមីស្រស់ទៅកាន់ប្រទេសវៀតណាម និងចំណិតដំឡូងមីស្ងួត ទៅប្រទេសថៃ ៕ by AKP អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង