Detail Top Banner

ថ្នាំឆ្កួត! ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរ ត្រូវ​បានកងកម្លាំងការិយាល័យប្រឆាំងគ្រឿញៀនបញ្ជូនទៅសាលាដំបូងខេត្ត


ខេត្តបន្ទាយមានជ័យ៖ មុនពេលពេលបង្រាបករណីនេះនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការចុះល្បាតការពារសន្តិសុខ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ រហូតដល់ម៉ោង២០និង៣០នាទី ពេលដល់ចំណុចខាងកើតសួនមានជ័យ(វេទិការខេត្ត) ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញមនុស្សស្រីម្នាក់អង្គុយនៅទីកន្លែងងងឹតគួរឱ្យសង្ស័យ ពេលនោះកម្លាំងក៏បានចុះទៅសួរនាំធ្វើឱ្យមនុស្សស្រីនោះភ័យស្លន់ស្លោ ហើយក៏បានទម្លាក់គ្រឿងញៀន១កូនថង់កិបចោល ហើយបម្រុងរត់គេចខ្លួន តែត្រូវបានកម្លាំងឃាត់ខ្លួនបានហើយសួរនាំភ្លាមៗ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ស្រ្តី ដែលឃាត់ខ្លួនបានជាមួយនឹងគ្រឿងញៀន​១កូនថង់​កិបនោះឈ្មោះ ស៊ឹម ច្រឹប ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយពីកម្លាំងសួរនាំភ្លាមៗស្រីរូបនោះបានឆ្លើយសារភាពថា គ្រឿងញៀន១កូនថង់កិបនេះរូបគេបានយកមកពីផ្ទះអ៊ុំស្រីម្នាក់រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ដោយផ្អែកលើចម្លើយសារភាព និងមានការសហការពីជនសង្ស័យខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបន្តប្រតិបត្តិការចុះឆែកឆេរដល់ផ្ទះអ៊ុំស្រីម្នាក់ឈ្មោះស៊ូ សៀង អាយុ៧២ឆ្នាំ ដែលជនសង្ស័យខាងលើបានចង្អុលបង្ហាញ រកឃើញគ្រឿងញៀនម៉្សៅក្រាមក្រាមពណ៌សថ្លាចំនួន៥៣កូនថង់កិបបន្ថែមទៀត ក្នុងនោះ៣០កូនថង់កិបរុំស្កុតខ្មៅ និងគ្រឿងញៀនគ្រាប់ពណ៌ក្រហម(WY)ចំនួន២គ្រាប់ នៅក្នុងប្រអប់ដាក់ជើងធូប ព្រមទាំងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង០២នាក់ក្រោយពីកម្លាំងរបស់លោកឃាត់ខ្លួនបាន រួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ក្រោយពីសួរនាំរួចជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានជួញដូរគ្រឿងញៀនពិតប្រាកដមែន ចំណែកជនសង្ស័យឈ្មោះស៊ឹម ច្រឹប មានទាំងការប្រើប្រាស់ទៀតផង ។ ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យទាំង០២នាក់ និងមានវត្ថុតាងផងនោះទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង