លោក ពូទីន បញ្ជាក់អំពីគោលជំហរលើបញ្ហានយោបាយ និងសេដ្ឋកិច្ចនៅក្នុងវេទិកា St. Peterburg


រុស្សី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានពន្យល់ពីគោលជំហរ និងគោលនយោបាយរបស់រុស្ស៊ីទៅលើបញ្ហានយោបាយ និងសេដ្ឋកិច្ចដ៏ក្តៅគគុក នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៥។ នៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកានេះ លោក ពូទីន បានរំលឹកថា ការកើនឡើងនៃតម្លៃទំនិញ និងវត្ថុធាតុដើមបានកើតឡើងជាយូរមកហើយមុនពេលប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនទៀត ដោយលោកបានគូសបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នមិនមានជាប់ពាក់ព័ន្ធជាមួយរុស្ស៊ីទេ ប៉ុន្តែបណ្តាលមកពីការមិនទទួលខុសត្រូវជាច្រើនឆ្នាំទៅលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃក្រុមប្រទេស G7។
តាមទស្សនៈរបស់លោក ពូទីន បណ្តាប្រទេសលោកខាងលិចមួយចំនួនចាត់ទុកប្រតិបត្តិការរុស្ស៊ីនៅអ៊ុយក្រែនថា ជាខ្សែជីវិតដែលអនុញ្ញាតឱ្យពួកគេអាចស្តីបន្ទោសទៅលើអ្នកដទៃបានចំពោះការគណនាខុសរបស់ពួកគេ។ និយាយអំពីអនាគតនៃសេដ្ឋកិច្ចរុស្ស៊ី លោក ពូទីន បាននិយាយថា ប្រទេសរបស់លោកនឹងមិនដើរតាមគន្លងនៃភាពឯកោ និងឯកតោភាគីឡើយ។
លោក ពូទីន បានប្រកាសអំពីប្រាក់កម្ចីទាបដើម្បីជំរុញផលិតកម្មឧស្សាហកម្ម កំណត់ភារកិច្ចគ្រប់គ្រងបច្ចេកវិទ្យាសំខាន់ៗទាំងអស់សម្រាប់ការផលិតផលិតផលសំខាន់ៗ និងបានស្នើឱ្យរដ្ឋាភិបាលបង្កើតច្បាប់សារពើពន្ធថ្មីដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច។


មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថា ប្រទេសលោកខាងលិចមួយចំនួនដែលមានការបំភាន់ភូមិសាស្ត្រនយោបាយហួសសម័យ មានចេតនាធ្វើឱ្យខូចដល់គោលការណ៍នៃប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។
លោកបាននិយាយថា ជាលទ្ធផល ទំនាក់ទំនងពាណិជ្ជកម្ម ផលិតកម្ម និងការដឹកជញ្ជូនជាច្រើនដែលត្រូវបានរំខានដោយសារជំងឺរាតត្បាតកូវីដ-១៩ ឥឡូវនេះកំពុងឆ្លងកាត់ការសាកល្បងថ្មីៗ។
លោក ពូទីន បាននិយាយថា មានការផ្លាស់ប្តូរបដិវត្តនៅក្នុងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចពិភពលោក វិស័យបច្ចេកវិទ្យា និងប្រព័ន្ធទំនាក់ទំនងអន្តរជាតិទាំងមូល ប៉ុន្តែបណ្តាប្រទេសលោកខាងលិចមួយចំនួនកំពុងព្យាយាមប្រឆាំងនឹងដំណើរប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាននេះ៕ by AKP

អត្ថបទដែលជាប់ទាក់ទង