លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមជាមួយនឹង ឯកឧត្តមបណ្ឌិត Rajkumar Ranjan Signh អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា និង លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាចំនួន២ខ្នង នៅសាលាបឋមសិក្សាកំបូល


ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមជាមួយនឹង ឯកឧត្តមបណ្ឌិត Rajkumar Ranjan Signh អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា និង លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាចំនួន២ខ្នង មាន៦បន្ទប់ នៅសាលាបឋមសិក្សាកំបូល ស្ថិតក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាក្រោមក្របខណ្ឌ “គម្រោងឆាប់ទទួលបានផល [Quick Impact Project]” តាមរយៈក្រសួងកិច្ចការនារី។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌា ជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអនុរដ្ឋមន្រ្តី ក្រសួងការបរទេស ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមមកប្រទេសកម្ពុជា ដើម្បីចូលរួមដោយផ្ទាល់ក្នុងកម្មវិធីនាឱកាសនេះ។

នេះជាសក្ខីភាពសបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ ជាមួយគ្នានោះ រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាតែងតែគាំទ្រ និងផ្តល់ជំនួយមកដល់ប្រទេសកម្ពុជា រួមទាំងការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំ និងធនធានមនុស្សផងដែរ។
អគារសិក្សាទាំង២ខ្នងនេះ ពិតជាបានឆ្លើយតបនិងរួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំបណ្តុះបណ្តាលកុមារតូច ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍមូលធនបញ្ញា អភិវឌ្ឍសម្បទា និងសមត្ថភាព ទាំងរាងកាយ និងបញ្ញាស្មារតី ដើម្បីឱ្យពួកគេក្លាយជាកោសិកាសង្គមប្រកបដោយសក្តានុពល សម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង