Detail Top Banner

ស្គាល់ស្រីស្នេហ៍តាមហ្វេសប៊ុកកន្លះឆ្នាំដោយមិនដែលជួបផ្ទាល់ នាងខលហៅ ឱ្យទៅយកដើម្បីដេកជាមួយគ្នា ពេលទៅដល់ នាងព្រួតគ្នាវាយប្លន់យកម៉ូតូទៅបាត់


ភ្នំពេញ៖ យុវជនម្នាក់បានស្គាល់នារីម្នាក់តាមហ្វេសប៊ុករយៈពេលប្រាំមួយខែ ដោយមិនដែលជួបមុខផ្ទាល់នោះទេ ហេីយស្រីស្នេហ៍ បានខលហៅទៅយក ដេីម្បីទៅដេកជាមួយ ខំជិះម៉ូតូទាំងកណ្ដាលយប់ ស្កាត់​ជួប​បែជាចាញ់ល្បិចនារីនោះ បាននាំបក្ខពួកមកវាយប្លន់យកម៉ូតូបានសម្រេច ហើយនាំគ្នាគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវលំ ម្តុំដីវាលមួយកន្លែង ខាងក្រោយវត្តព្រៃស្ពឺ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ស្រេង ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរអ្នកដឹកម្ហូបអាហារតាមអនឡាញ ស្នាក់នៅខាងក្រោយសាលាខណ្ឌដង្កោ សង្កាត់ដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ឯខេត្តកំពង់ឆ្នាំង។

ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1JN-9101 ។ចំណែកនារីជនសង្ស័យមានឈ្មោះ ស្រីពៅ រីឯបក្សពួកផ្សេង​ទៀតមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់ស្រមោល ។ តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់​ឱ្យ​​ដឹងថា រូបគាត់បានស្គាល់នារីជាជនសង្ស័យ រយៈពេលប្រាំមួយខែមកហើយ ដោយមិនដែលបានជួបគ្នាទេឃើញតែរូបតាមទូរស័ព្ទ ហើយមុនកើតហេតុ រូបគាត់កំពុងអង្គុយលេងនៅចំណុចមុខក្លឹបមួយកន្លែងក្នុងសង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ ស្រាប់តែនារីជាជនសង្ស័យ បានខលទូរស័ព្ទហៅខ្លួនឱ្យទៅយក ដោយប្រាប់ខ្លួនថាមកយកទៅដេកជាមួយផង ព្រោះគ្មានកន្លែងដេកនោះទេ។ ប្រភពដដែលបានបន្តទៀតថា លុះរូបគេជិះម៉ូតូមកដល់កន្លែងកើតហេតុខាងលើ ក៏ឃើញនារីជាជនសង្ស័យតែម្នាក់ឯង ដោយមិនដឹងថានារីរូបនោះ បានរៀប​ចំ​គម្រោង​ហៅបក្សពួកមកត្រៀមចាំវាយប្លន់នោះទេ លុះនិយាយគ្នាមួយសន្ទុះ នារីជាជនសង្ស័យ​ខាងលើ បានបន្លំលួចដកសោរម៉ូតូរបស់គាត់ ហើយបានរត់ចូលទៅគម្ពោតព្រៃជាប់នឹងស្ពានថ្មមួយបាត់តែម្តង។

រំពេចនោះស្រាប់តែលេចមុខជនសង្ស័យសុទ្ធតែមនុស្សប្រុសមួយក្រុមប្រមាណ៦ទៅ៧នាក់ នាំគ្នាចេញពីក្រោមស្ពានប្រដាប់ដោយដាវ កាំបិត និងដំបង ហើយធ្វើសកម្មភាពដេញវាយនិងកាប់ទៅលើរូបគាត់ បណ្ដាល​ឲ្យរូបគាត់ភ័យស្លន់ ក៏រត់យករួចខ្លួនសិន បន្ទាប់មកជនសង្ស័យទាំងនោះនាំគ្នាយកម៉ូតូរបស់គាត់ហើយនាំនារីដែលរូបគាត់ស្គាល់តាមទូរស័ព្ទនោះ គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ ជនរងគ្រោះបានទំនាក់ទំនងហៅមិត្តភ័ក្កិឲ្យមកយក និងជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ​ទី២ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកចាប់ខ្លួនសង្ស័យដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង