ជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ ជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លង ដែលកំពុងតែកើនឡើង និងធ្វើឲ្យប៉ះពាល់ដល់អាយុវជីវិតរបស់ស្រ្តី


ភ្នំពេញ៖ ជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ ជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លង ដែលកំពុងតែកើនឡើង និងធ្វើឲ្យប៉ះពាល់ដល់អាយុវជីវិតរបស់ស្រ្តី ដោយសារតែផលវិបាកនៃការផ្លាស់ប្តូររបៀបរស់នៅ និងបរិស្ថានកំពុងតែមានការប្រែប្រួល រួមទាំងចំណីអាហារផងដែរ។

ជាមួយគ្នានេះដែរ បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវ និងរ៉ាំរ៉ៃក្នុងចំណោមស្រ្តី និងកុមារនៅមានកម្រិតខ្ពស់ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសុខភាព និងស្មារតីនៅដំណាក់កាលក្រោយៗ នៃជីវិតរស់នៅ បាត់បង់កំលាំងពលកម្ម ការធ្លាក់ខ្លួនឈឺ មានពិការភាព ភាពក្រីក្រ និងតម្រូវឲ្យមានការខាតបង់ថវិកាច្រើនទៅលើការថែទាំសុខភាពស្រ្តី និងសមាជិកគ្រួសារ។
នាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី សហការជាមួយក្រសួងសុខាភិបាល ដោយមានការគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា (AIA Insurance Cambodia) ក្រោមអធិបតីភាពលោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលស្តីពី ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ ដល់មន្រ្តីក្រសួង/មន្ទីរកិច្ចការនារី និងមន្ទីរសុខាភិបាលក្នុងខេត្តចំនួន ៤ រួមមាន ខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប ចាប់ពីថ្ងៃពុធ ៨រោច ដល់ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

គ្រូបង្គោលចំនួន ៣០នាក់ ដែលបានទទួលការបណ្តុះបណ្តាលអំពីជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ នឹងធ្វើការអប់រំបន្តដល់ស្រ្តី និងគ្រួសារនៅសហគមន៍នៅខេត្តគោលដៅទាំង៤ខាងលើ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង