សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង


ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង។
លោក កែវ ពិសី អភិបាលនៃគណៈអភិបាលស្រុកមេសាង បានរាយការណ៍ជូនសម្ដេច ព្រមទាំងអង្គពិធីថាសមិទ្ធផលដែលប្រារព្ធពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា និងសម្ពោធ​ដាក់ឲ្យប្រើប្រាស់នាពេលនេះ​រួមមាន កុដិ​១ខ្នង ឧបដ្ឋានសាលា១ខ្នង ព្រះវិហារ មានបណ្តោយ១៩ម៉ែត្រ និងទទឹង១០ម៉ែត្រ កំពស់ ១៥ម៉ែត្រ ដោយចំណាយថវិការសរុបជាង៦៥៣លានរៀល។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារគ្រោងធ្វើឡើងយូរមកហើយ ប៉ុន្តែដោយសារស្ថានភាពនៃការឆ្លងរីករាល​ដាលជំងឺកូវីដ-១៩ ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានានោះ ក៏ត្រូវអូសបន្លាយពេលរហូតមកដល់ពេលនេះ។
សម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ជាពិសេសក្រុមការងារដែលមានឯកឧត្ដម ប៉ាវ ហម​ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានដែលបានចូលរួមសាមគ្គីប្រមូលបច្ច័យសាងសង់សមិទ្ធិផលព្រះវិហារ រួមទាំងបច្ច័យបង្គ្រប់ថ្លៃជំពាក់។
សម្ដេចក្រឡាហោម បានបង្ហាញមោទកភាព និងក្ដីរីករាយនៅពេលទទួលសេចក្ដីរាយការណ៍មកថា សិស្សថ្នាក់ទី៩ និងទី១២ នៃវិទ្យាល័យក្នុងស្រុកមេសាង បានបន្តទទួលជ័យលាភីសិស្សពូកែទូទាំងប្រទេសក្នុងការប្រឡងរៀបចំដោយក្រសួងអប់រំ។

សម្ដេចបន្តថា «នេះជាកិត្តិយសដ៏ធំធេងទាំងរបស់ក្មួយៗក៏ប៉ុន្តែក៏ជាកិត្តិយស​លោកគ្រូ អ្នកគ្រូ ដែលបានបង្រៀន​យើង ហើយក៏ជាកិត្តិយសឪពុកម្ដាយ កិត្តិយសក្រុមគ្រួសារ ហើយក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកមេសាង ខេត្តព្រៃវែងរបស់យើងផងដែរ»។ ដើម្បីជាការលើកទឹកចិត្ត សម្ដេចបានប្រកាសឧបត្ថម្ភសិស្សជ័យលាភីម្នាក់ៗ ៥សែនរៀល និងវិទ្យាល័យមានសិស្សជាប់ជ័យលាភី ១លានរៀល។
សម្ដេចក៏បានបន្តមានប្រសាសន៍ថាប្រជាពលរដ្ឋស្រុកមេសាង ក៏មិនខុសពីស្រុកដទៃទៀតនៃខេត្តព្រៃវែងនិងទូទាំងប្រទេសដែរ គឺបានខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ពិសេសចូលរួមធ្វើឲ្យដំណើរការការបោះឆ្នោតឃុំ សង្កាត់ បានប្រព្រឹត្តទៅដោយសុវត្ថិភាពទាំងស្រុង គ្មានអំពើហិង្សាគ្មានឃាតកម្មនយោបាយ។

សម្ដេចបន្ថែមថា«នេះគឺម្យ៉ាងដោយសារសមត្ថកិច្ចរដ្ឋបាលស្រុកឃើញ ប៉ុន្តែទន្ទឹមនោះក៏មានការគាំទ្រពីប្រជាពលរដ្ឋ ពីគណបក្សនយោបាយនានាមិនបង្កនូវបញ្ហានាំឲ្យប៉ះពាល់ការបោះឆ្នោត»។
សម្ដេចបាមចាត់ទុកបរិយាកាសនយោបាយនៃការបោះឆ្នោតឃុំ សង្កាតនេះថា«ជាវប្បធម៌ថ្មីមួយ នៃជន​ជាតិ​កម្ពុជារបស់យើង ជនជាតិខ្មែររបស់យើងដែលទើបតែបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់យ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែគំនុំសងសឹកត្រូវបានលុបបំបាត់ជាបណ្តើរៗ។ ឆ្លងតាមរយៈការបោះឆ្នោតជាបន្តបន្ទាប់ ពិសេសការបោះឆ្នោតលើកចុងក្រោយនេះ យើងសន្និដ្ឋានថា ប្រជាពលរដ្ឋកម្ពុជាមានភាពចាស់ទុំ អត់ធ្មត់ មិនមានគំនុំសងសឹក»។
សម្ដេចបន្ថែមថាកត្តាសុខសន្តិភាពស្ថិរភាពសព្វថ្ងៃគឺជាក្ដីសង្ឃឹមដែលបង្ហាញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋថានឹងកាន់តែល្អប្រសើរនាពេលអនាគត ពីព្រោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ មានគោលបំណងធ្វើយ៉ាងណាឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាព គ្មានសង្គ្រាម គ្មានកាប់សម្លាប់ គ្មានតំបន់អប្បគមន៍ ឬក៏មានកម្លាំងឧទ្ទាមក្រៅច្បាប់ គឺមានតែគណបក្សនយោបាយដែលប្រកួតប្រជែងគ្នាដើម្បីឡើងកាន់អំណាចតាមបែបប្រជាធិបតេយ្យ។
សម្ដេចបន្ថែមថា«បោះឆ្នោតហើយ យើងគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ គោរពការសម្រេចចិត្តរបស់ពលរដ្ឋសំឡេងភាគច្រើនដែលបោះឲ្យបក្សណាមួយឈ្នះឆ្នោត។ ឥលូវគណបក្សយើងឈ្នះឆ្នោត ឆន្ទៈប្រជាពលរដ្ឋគាំទ្រគណបក្សយើង អ៊ីចឹងអ្នកដែលមិនឈ្នះឆ្នោត ឬសំឡេងភាគតិចក្នុងក្រុមប្រឹក្សាត្រូវតែឱ្យតម្លៃ គោរពគោរពឆន្ទៈប្រជាពលរដ្ឋ។ ខ្ញុំសង្ឃឹមថានៅពេលបោះឆ្នោតខាងមុខនេះយើងនឹងធ្វើបានល្អដូចការបោះឆ្នោត​ឃុំ សង្កាត់ដែរ។

បើយើងធ្វើបានដូចការបោះឆ្នោតនេះ កិត្យានុភាពលើឆាកអន្តរជាតិរបស់កម្ពុជាយើងនឹងកាន់តែត្រូវបានលើកកម្ពស់» ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង