ជនពិការ៤៥៦នាក់ ទទួលបានជើង និងដៃសិប្បនិម្មិតថ្មី ពីក្រុមគ្រូពេទ្យនៃសមាគមប្រឹក្សាសុខភាពប្រជាជន-ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក-វៀតណាម

នៅខេត្តព្រះវិហារ​ នាថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២​ លោកជំទាវ ហ៊ាង ដារ័ត្ន​ តំណាង​ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី ៥ នៃរដ្ឋសភា​ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានអញ្ជើញចូលរួមថ្លែងអំណរគុណក្នុងកម្មវិធីធ្វើដៃជើងសិប្បនិម្មិតដោយមិនគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងអាជ្ញាធរពាក់ពន្ធ័នៅក្នុងខេត្តមានដូចជា លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលគណៈអភិបាលខេត្តព្រះវិហារ​ ឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ាន សុខនាង ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជន។

កម្មវិធីនេះបានចាប់ផ្តើមពីតាំងពីថ្ងៃទី១២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងការិយាល័យអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ក្រោមការសហការគ្នារវាងក្រុមគ្រូពេទ្យនៃសមាគមប្រឹក្សាសុខភាពប្រជាជន​ និងក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកនិងវៀតណាមមកពីសាកលវិទ្យាល័យ Mercer University បានធ្វើដៃជើងសិប្បនិម្មិតថ្មីចំនួន ៤៥៦នាក់​ ក្នុងនោះប្រុស ៤០៣នាក់ ស្រី ៥៣នាក់ ពិការជើងចំនួន ៣៩៨នាក់ និងពិការដៃ ៥៨នាក់ ហើយត្រូវបានធ្វើឡើងជូនដល់ប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តក្រុងមានដូចជា ព្រះវិហារ កំពង់ធំ សៀមរាប ក្រចេះ កំពត ស្ទឹងត្រែង បាត់ដំបង ឧត្តរមានជ័យ ត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តព្រះសីហនុ និង រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបាននូវដៃជើងសិប្បនិម្មិតថ្មីរួចមក​ បងប្រុសម្នាក់ដែលជាអតីតទាហ៊ានការពារព្រំដែនដែលមានគ្រោះថ្នាក់ដាច់ជើងទាំងសងខាងបានបង្ហាញពីអារម្មណ៍រំភើបរបស់គាត់លាយឡំជាមួយនិងទឹកភ្នែកថា​ គាត់មិនដែលបានដើរដោយជើងទាំង២ នេះរយៈពេល ១២ឆ្នាំមកហើយ។ ចំណែកឯលោកពូម្នាក់ទៀតជាកសិករហើយបានរងគ្រោះថ្នាក់ជាន់គ្រាប់មីនដូចគ្នានៅពេលដែលចូលទៅភ្ជួររាស់ដីដាំកសិកម្មបានសំដែងពីអារម្មណ៍របស់គាត់ថារយៈពេល ៣០ឆ្នាំ​ ហើយដែលគាត់ពិការដោយសារតែគាត់បានជាន់គ្រាប់មីនដែលបន្សល់ទុកពីសម័យសង្គ្រាមនេះ

រីឯកុមារាម្នាក់ដែលរងគ្រោះពិការជើងដោយសារគ្រោះថ្នាក់ចរាចរណ៍និងកុមារីម្នាក់ទៀតរងគ្រោះថ្នាក់ដាច់ដៃខាងស្តាំដោយសារតែគ្រឿងម៉ាសុីននាក់ទាំង២ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយជាមួយគ្នាថា​ ពេលនេះគាត់អាចដើរទៅរៀនដោយមិនចាំបាច់ប្រើឈើច្រត់និងដៃរបស់គាត់អាចចាប់កាន់វត្ថុផ្សេងៗទៀតបានវិញហើយ។ ដោយសារតែបានគុណបុណ្យបារមីដ៏ឧត្តុងឧត្តមរបស់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតនិងឈានទៅដល់ការបង្រួបបង្រួមជាតិទាំងស្រុងក្រោមគោលនយោបាយឈ្នះឈ្នះហើយបានដឹកនាំប្រទេសអោយមានសុខសន្តិភាពការអភិវឌ្ឍន៍និងភាពរីកចំរើនដូចសព្វថ្ងៃនេះ។

ជាចុងក្រោយលោកជំទាវ ហ៊ាង ដារ័ត្ន សួស យ៉ារ៉ា​ បានរៀបចំកម្មវិធីពិសាអាហារសាមគ្គីតាមបែបប្រពៃណីខ្មែរ​ ដើម្បីថ្លែងអំណរគុណជូនដល់ក្រុមគ្រូពេទ្យកម្ពុជា និងក្រុមគ្រូពេទ្យនៃសាកលវិទ្យាល័យ Mercer University ក្នុងដំណើរនិវត្តន៍ត្រលប់ទៅសហរដ្ឋអាមេរិកវិញ ហើយក្នុងឱកាសនោះផងដែរ​ លោកវេជ្ជបណ្ឌិត Han Van Vo ជាប្រធានដឹកនាំក្រុមគ្រូពេទ្យបានបង្ហាញពីចំណាប់អារម្មណ៍ថា​ ក្រោយពីឃើញស្នាមញញឹមរបស់បងប្អូនជនពិការដែលទទួលបានដៃជើងសិប្បនិម្មិតថ្មីនេះមក​ លោកនិងក្រុមការងារគឺមានសេចក្តីរំភើបឥតឧបមា​ ហើយសន្យាថា​ នឹងវិលត្រលប់មកវិញជាថ្មីម្តងទៀតនៅពេលវេលាមួយសមស្រប​ ​ប្រសិនបើមានតម្រូវការចាំបាច់។ ខេត្តព្រះវិហាររីករាយទទួលស្វាគមន៍បងប្អូនដែលមកពីបណ្តារាជធានីខេត្តផ្សេងទៀតក្នុងការមកទទួលយកការព្យាបាលរបស់ក្រុមគ្រូពេទ្យកម្ពុជា វៀតណាម និងសហរដ្ឋអាមេរិកក្នុងឱកាសក្រោយៗទៀត ។

អត្ថបទដែលជាប់ទាក់ទង