ពិធីសម្ពោធសមិទ្ធផលនានាវត្តនន្ទសិរិគន្ធរាម ស្រុកមង្គលបូរី រួមមានសួនច្បាររបមាត់សឹ្ទង ផ្លូវបេតុង សួនពុទ្ធរូប ក្រាលការូឡាមណ្ឌលពោធិព្រឹក្ស និងសាលាពុទិ្ធកសិក្សា
ខេត្តបន្ទាយមានជ័យ៖ នៅវត្តនន្ទសិរិគន្ធរាម ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វេីពិធីសម្ពោធឆ្លង និងកាត់ខ្សែបូរ នាថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមឧត្ដមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្ស និងជាជំនួយការផ្ទាល់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងលោកជំទាវ ព្រះឧត្ដមសីលញ្ញាណ ធុល សុធា ព្រះមេគណខេត្ត ព្រះអង្គគ្រូ សុវណ្ណថេរោ ដេតរដ្ឋា ព្រះចៅអធិការវត្តនន្ទសិរិគន្ធរាម បានមានសង្ឃដីកាបញ្ជាក់ថា៖រាល់សមិទ្ធផលដែលបានកេីតឡេីងព្រមទាំងបានប្រារព្ធធ្វើបុណ្យឆ្លង នាឱកាសនេះ គឺបានមកពីការចូលរួមសទ្ធាជ្រះថ្លា ពីសប្បុរសជនជិតឆ្ងាយ ក្នុងក្រៅប្រទេសព្រមទាំងប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត បង្កើតបានជាសមិទ្ធផលទាំងអស់សម្រាប់ប្រេីប្រាស់ និងសម្រាប់គោរពបូជា ក្នុងនោះផងដែរ សមិទ្ធផលថ្មីៗទាំង៦ ខាងលើនេះត្រូវចំណាយអស់ថវិកាប្រមាណជាជាង ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តម គង់ ប៊ុនលី បានមានប្រសាសន៍ ថ្លែងការកោតសរសើរ និងអរគុណដោយស្មោះ ចំពោះបងប្អូនប្រជាពលរដ្ឋ សប្បុរសជនជិតឆ្ងាយ ដែលបានរួមសាមគ្គីគ្នា ចូលរួមកសាងបាននូវសមិទ្ធផលនានាជាច្រើន ក្នុងវត្តនេះហេីយជាទឹកចិត្តសទ្ធាជ្រះថ្លាជាបុណ្យកុសលដ៏ធំេធងមិនអាច កាត់ថ្លៃបានហេីយក៏ជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍលើគ្រប់វិស័យ មិនថាពុទ្ធចក្រ ឬអាណាចក្រក្តី ឯកឧត្តម គង់ ប៊ុនលី មានប្រសាសន៍បន្តថា រាល់សមិទ្ធផលទាំងអស់ដែលបានកេីតឡេីង លេីគ្រប់វិស័យ នាពេលនេះគឺអាស្រ័យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ ឯកឧត្ដម បានធ្វេីការសំណូមពរផ្តាំផ្ញេីរដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់ព្រមទាំងព្រះសង្ឃ អាចារ្យគណៈកម្មការ ត្រូវបន្តរួម សាមគ្គីគ្នាឲ្យបានល្អ ដោយជៀសវាង ការប្រកាន់បក្សពួក ដែលអាចធ្វើឲ្យពុទ្ធបរិស័ទបាត់បង់ជំនឿធ្វើឲ្យអាប់ឱនដល់ព្រះពុទ្ធសាសនានៃយើង សំខាន់ទប់ស្កាត់កុំឲ្យមានជាជម្លោះអធិករណ៍កេីតឡេីង ដេីម្បីឲ្យសមទៅនឹងពាក្យថាវត្តអារាមជាឃ្លាំងសម្រាប់ផ្ទុកក្បួនច្បាប់ គម្ពីរដីកាទំនៀមទម្លាប់ប្រពៃណីអក្សរសាស្ត្រជាតិ។
បញ្ចប់កម្មវិធីគណអធិបតីបានចែកជូននូវអំណោយដល់លោកតា លោកយាយចូលរួមព្រមទាំង កាត់ខ្សែបូរ អភិសេកព្រះអង្គធំ និងរាប់បាត្រដល់ព្រះសង្ឃផងដែរ ៕ អរគុណសន្តិភាព