ប្រវត្តិទាក់ទងនឹងតំបន់ទីតាំងបុរាណស្ថានជនជាតិដើមភាគតិចសួយ

ខេត្តកំពង់ស្ពឺ៖ ស្ថិតនៅចម្ងាយប្រមាណជាង៦០ គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ស្ពឺ តំបន់តេទឹកពុះខណៈនេះ បានប្រែ​ក្លាយខ្លួនជាកន្លែងដែលមានលក្ខណៈពិសេស ដោយសារមានទឹកពុះពីធម្មជាតិ និងមានភាព ទាក់​ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ។
ពាក់ព័ន្ធប្រវត្តិតេទឹកពុះនេះមានរឿងតំណាលថា “ដើមឡើយមានសេដ្ឋីមួយរូប មានមាសប៉ុន​ដូងទុំ គឺជាអ្នកមានប្រចាំតំបន់តេ។ សេដ្ឋីរូបនោះមានកូនពីរនាក់ ប្រុស១ ស្រី១ ដែលកូនទាំង២នាក់នេះ ត្រូវ​បាន​​គាត់បំបែកចេញពីគ្នាតាំងពីតូចៗរហូតដល់ធំពេញវ័យ។ ដោយខ្លាចវង្វេងរកកូនប្រុសដែលផ្ញើទុកជាមួយ​គេ​នៅភូមិមួយ​ពេលធំមិន​ឃើញ គាត់ក៏បានពាក់កងមាសមួយ​នៅ​កជើង ដែលបច្ចុប្បន្នភូមិនោះត្រូវបាន​ដាក់​ឈ្មោះថា “រលាក់កជើង”។ ដោយសារតែខ្លាចបែកទ្រព្យសម្បត្តិ គាត់មិនបានឱ្យកូនទៅយកគ្រួសារ​ផ្សេង​នោះ​ទេ បើទោះជាគេមកដណ្តឹងកូនក្រមុំក្តី។
ក្រោយមកគាត់ក៏គិតគ្នាជាមួយប្រពន្ធថា ចៀសវាងបែក​ទ្រព្យ​សម្បត្តិ ពុះមាសប៉ុនដូងទុំជាពីរចំណែក មានតែរៀបការកូនរបស់ខ្លួនដែលបំបែកចេញកាលពីតូចឱ្យ​យកគ្នាជាប្តីប្រពន្ធ។ គិតគូររួចហើយគាត់ក៏រៀបចំពិធីមង្គលការកូនដែលជាបងប្អូនបង្កើតនឹងគ្នា ដោយបាន​អញ្ជើញ​ហៅភ្ញៀវមកចូលរួមយ៉ាងច្រើនកុះករ លើកលែងតែយាយតីម្នាក់គត់ដែលសេដ្ឋីមិនបានហៅ​ឱ្យ​ចូលរួម មិនតែប៉ុណ្ណោះសេដ្ឋីថែមទាំងបានយកក្រពើដែលយាយតីចិញ្ចឹមមកកាប់ធ្វើម្ហូបទុកទទួលភ្ញៀវ​ថែម​ទៀតផង ដែលពិធីមង្គលការនេះ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១៥រោច ខែ​ពិសាខ និងបានក្លាយជាប្រពៃណី​បុណ្យឡើង​សំណំ របស់ជនជាតិដើមភាគតិចសួយមកទល់សព្វថ្ងៃនេះ។
បើនិយាយពីយាយតីវិញ ក្រោយពីដឹងថាសេដ្ឋីរៀបការកូនបង្កើតឱ្យយកគ្នាជាប្តីប្រពន្ធ គាត់មាន​ការ​បាម្ភជាខ្លាំង ហើយនៅថ្ងៃចូលរោងក៏មិនបានទៅក្បែរនោះដែរ។ វេលាយប់ឡើងស្រាប់តែយាយតីយល់​សប្តិ​ឃើញយមទូតមកប្រាប់ថា ថ្ងៃស្អែកហាមដាចខាតមិនឱ្យចូលទៅក្បែរកន្លែងគេការកូនឡើយ ភ្ញាក់ពី​យល់សប្តិ យាយតីភ័យណាស់ នៅតែក្នុងផ្ទះតែម្នាក់ឯងមិនចេញទៅណាឡើយ ហើយបានបួងសួងថា បើគាត់មានជីវិតរស់ គាត់នឹងកោរសក់ថ្វាយដល់ព្រះធរណី នៅភូមិដែលយាយតីរស់នៅ ដូច្នេះហើយ​ទើប​ភូមិនោះមាន​ឈ្មោះថា ភូមិកោដូនតី​រហូត​មក​ទល់សព្វថ្ងៃនេះ។
បើនិយាយពីផ្ទះសេដ្ឋីវិញ មនុស្សមកចូលរួមយ៉ាងច្រើនកុះករ ពេលពិធីសែនព្រេនបានចាប់​ផ្តើម​ឡើង ស្រាប់តែកើតមានបាតុភូតចម្លែក ដោយក្នុងបរិវេណផ្ទះសេដ្ឋី ត្រូវព្រះធរណីស្រូបយកមនុស្ស​ទាំងអស់ចូលទៅក្នុងដីគ្មានសល់ លើកលែងតែយាយតីម្នាក់គត់។ ដោយឃើញទិដ្ឋភាពបែបនោះ យាយតី​ភ័យក៏បានរត់គេចពីកន្លែងនោះទៅដល់ដីទួលមួយកន្លែង (បច្ចុប្បន្ន​ដីទួលនោះបានក្លាយជាតំបន់ដី​ព្រៃ​អារក្សភ្នំតេ) គាត់ក៏បានកោរសក់នៅទីនោះ តាមអ្វីដែលគាត់បានបន់ស្រន់ថ្វាយដល់ព្រះធរណី ហើយក៏​រស់នៅទីនោះរហូតមានគ្រួសារ និងកូនប្រុសមួយ។
ក្រោយពីកូនប្រុសកើត ប្តីរបស់គាត់ក៏ទៅបួសជា​តាបស​នៅលើភ្នំខ្ជោល(ឱរ៉ាល់) ហើយពេលដែលកូនកើតមកមានឈ្មោះត្រសក់ផ្អែម។ ចំណែកកន្លែង​ទឹកពុះឯណេះវិញ ក្រោយពីព្រះធរណីស្រូបយកអ្នកដែលមកចូលរួមពិធីការកូនសេដ្ឋី ជនជាតិសួយ​អស់​ហើយ កន្លែងនោះក៏ស្រាប់តែក្លាយជាមានទឹកហូរចេញពីក្នុងដី ហើយមានកំដៅក្តៅរហូតដល់បច្ចុប្បន្ន។”

នេះបេីតាមការរៀបរាប់របស់លោកស្រី​ ម៉ែន​ សាមីន​ តំណាងជនជាតិដេីមភាគតិចសួយ​ ភូមិកោដូនតី​ ឃុំត្រពាំងជោរ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង