ក្រសួងយុត្តិធម៌ដាក់ ចេញទិសដៅយុទ្ធសាស្រ្តចំនួន២ចំណុច សម្រាប់កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីលើក កម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឱ្យល្អប្រសើរ


ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេ ខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមាន ប្រសាសន៍ថា ដោយសារតែសង្កេតមើលឃើញថា ប្រព័ន្ធយុត្តិធម៌នៅមានកង្វះខ្វះខាតចន្លោះមួយចំនួន និងមានបញ្ហាខ្លះដែលត្រូវការកំណែ ទម្រង់ ទើបក្រសួងយុត្តិធម៌កំពុងបន្តធ្វើកំណែទម្រង់ច្បាប់នៅកម្ពុជា ដើម្បីធានាឱ្យបានយុត្តិធម៌តាមផ្លូវច្បាប់ ។
ថ្លែងក្នុងវេទិកាពិភាក្សាស្ដីពី « វឌ្ឍនភាពនៃវិស័យសិទ្ធិ មនុស្ស និងយុត្តិធម៌នៅកម្ពុជា » នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នាទីស្ដីការគណៈ រដ្ឋមន្ដ្រី ឯកឧត្តម ជិន ម៉ាលីន មានប្រសាសន៍បន្ថែមថា កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជានេះ ក្រសួងយុត្តិធម៌បានគិតគូរដាក់ចេញយុទ្ធសាស្រ្តចំនួន២ចំណុច គឺទី១ កំណែទម្រង់ច្បាប់ ទី២ កំណែទម្រង់តុលាការ ដែលនេះគឺជាទិសដៅដែលក្រសួងយុត្តិធម៌បានរៀបចំនិងកំពុងអនុវត្ត ។
« ក្នុងនាមជាស្ថាប័ន រដ្ឋ រាជរដ្ឋាភិបាលយើងខិតខំធ្វើម៉េចធានាឱ្យបានយុត្តិធម៌តាមផ្លូវច្បាប់ហើយការធានានេះគឺមិនមែនជារឿងដែលយើងអាចធ្វើក្នុងរយៈពេលមួយថ្ងៃឬក៏តែមួយយប់នោះទេ គឺយើងត្រូវធ្វើជាបន្តបន្ទាប់ជាប់ជារៀងរហូត អ៊ីចឹង ហើយទើបមកដល់ពេលនេះយើងនៅតែដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ហើយកំណែទម្រង់ច្បាប់នេះ គឺយើងកែរហូត នៅ ពេលដែលមានបញ្ហាប្រព័ន្ធយុត្តិធម៌យើងនៅតែបន្តកែ យើងទទួលស្គាល់ថា មានបញ្ហានៅក្នុងវិស័យយុត្តិធម៌ ហើយបានកម្មវិធីកំណែទម្រង់ច្បាប់យុត្តិធម៌យើងត្រូវតែដាក់ ចេញ ហើយបន្តអនុវត្តន៍ជា ដរាបដើម្បីធ្វើឱ្យស្ថានភាពយុត្តិធម៌កាន់តែល្អប្រសើរ » ។
ឯកឧត្តមបញ្ជាក់ថា ពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់នេះ គឺយើងផ្តោតទៅលើយុទ្ធសាស្រ្តចំនួន៣គឺ ទី១ ការត្រួតពិនិត្យឡើងវិញនូវច្បាប់ចាស់ៗដែលកំពុងអនុវត្ត ថាតើច្បាប់នោះឆ្លើយតបទៅតាមសេចក្តីត្រូវ ការរបស់ប្រជាពលរដ្ឋ និងទិដ្ឋភាពសង្គមដែរឬទេ ច្បាប់នោះនៅអាចអនុវត្តបានទេ ឬចាំបាច់ត្រូវតែធ្វើវិសោធនកម្ម ហើយបើធ្វើវិសោធនកម្មត្រូវធ្វើទៅលើចំណុចណា ,ទី២ រៀបចំក្រមខណ្ឌច្បាប់និងគោលនយោបាយថ្មី ថាតើប្រព័ន្ធយុត្តិធម៌របស់យើងនេះនៅខ្វះច្បាប់អ្វី ខ្វះគោលនយោ បាយអ្វី ដើម្បីធានាបានយុត្តិ ធម៌តាមផ្លូវច្បាប់ជូនដល់ប្រជា ពលរដ្ឋ ,ទី៣ ការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ថាតើច្បាប់រៀបចំហើយហេតុអីក៏ច្បាប់ខ្លះអនុវត្តបាន ហេតុអី្វច្បាប់មួយចំនួនអនុវត្តបាន តែមួយភ្លែត ហើយវាលែងអនុវត្តន៍បានតទៅទៀត មានបញ្ហាអ្វី ដោយសារគុណភាពច្បាប់មិនល្អ ដោយសារច្បាប់ប្រជាពលរដ្ឋនឹងទទួលយកដោយសារខ្វះធនធានឬសម្ភារមធ្យោបាយនៅក្នុងការអនុវត្ត ។
សូមបញ្ជាក់ថា យុទ្ធសាស្រ្តសំខាន់ៗទាំង៣ចំណុចនេះក្រសួងយុត្តិធម៌បានដាក់ចេញ និងកំពុងអនុវត្ត ដើម្បីលើក កម្ពស់វិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយកំណែទម្រង់ប្រព័ន្ធយុត្តិធម៌កន្លងមក ៕ by AKP

អត្ថបទដែលជាប់ទាក់ទង