មហោស្រពភាពយន្តអន្តរជាតិកម្ពុជា រួមចំណែកលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជា ឲ្យមានការវិវត្តរីកចម្រើន


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ ឆ្នាំ ២០២២នេះ គឺជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តភាពយន្តកម្ពុជា ផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជា និងជាពិសេសបានបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក។

ថ្លែងក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១នៅសាលសន្និសីទចតុមុខ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជានេះ ក៏បានផ្ដល់ឱកាសដល់អ្នកអាជីពក្នុងវិស័យភាពយន្ត ក្នុងការចែករំលែកបទពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា រកចំណុចខ្លាំង បង្កើនគុណភាពភាពយន្តកម្ពុជា ដើម្បីអាចប្រកួតប្រជែងជាមួយនឹងការរីកចម្រើនឥតឈប់ឈរ នៃទីផ្សារភាពយន្តក្នុងតំបន់។

ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងក្លាយជាទីតាំងសម្រាប់ថតខ្សែភាពយន្ត កាន់តែមានភាពទាក់ទាញ ស្របតាមចក្ខុ វិស័យនៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្នុងការជំរុញកម្ពុជា ឱ្យក្លាយជាដែនដីនៃការថតភាពយន្តជាតិ និងបរទេស។

លោកជំទាវបន្តថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់និងបានរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ក្នុងការជុំរុញព្រះរាជាណាចក្រកម្ពុជាជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ ព្រមទាំងជួយលើកកម្ពស់​កិតិ្តស័ព្ទកម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងបរិបទនៃសង្គមដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត នៃគោលនយោបាយឈ្នះឈ្នះ។

សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើក​ទី១១ បាននាំមកនូវស្នាដៃភាពយន្តជាតិ និងអន្តរជាតិ ចំនួន ១៤៤ចំណងជើង មកពី២៦ប្រទេស រួមមានភាពយន្តឯកសារ ភាពយន្តគំនូរជីវចល ភាពយន្តខ្នាតខ្លី និងស្នាដៃភាពយន្តខ្នាតធំ ។ ក្នុងនោះស្នាដៃភាពយន្តរបស់កម្ពុជាចំនួន ៦២ចំណងជើង ដែលផលិតដោយយុវផលិតករវ័យក្មេងកម្ពុជាព្រមទាំងយុវជនដែលទទួលបានការបណ្តុះបណ្តាលជំនាញផលិត ភាពយន្តនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក៏នឹងត្រូវចាក់បញ្ចាំងជូនប្រជាពលរដ្ឋចូលទស្សនាដោយសេរី នៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ។

ជាពិសេស ស្នាដៃភាពយន្តរឿង “គ្រប់យ៉ាងនឹងប្រសើរ” របស់លោក ប៉ាន់ រិទ្ធី ដែលបានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់ នៅក្នុងមហោស្រពភាពយន្តទីក្រុង Berlin ២០២២ រឿង “ប៊ូឌីញ ស” របស់លោក នាង កាវិច ដែលបានទទួលពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុង Venice និងស្នាដៃភាពយន្តរបស់ផលិតករកម្ពុជាផ្សេងទៀត។ ជាមួយនេះ ភាពយន្តដ៏កម្រមកពីប្រទេសអូស្ត្រាលីចំនួន ២០ចំណងជើង ដែលផលិតពីឆ្នាំ១៩៥៣ ដល់ឆ្នាំ២០២២ ក៏ត្រូវបានចាក់បញ្ចាំងនៅក្នុងព្រិត្តិការណ៍មហោស្រពនេះ ក្នុងគោលបំណងចូលរួមអបសារទខួបអនុស្សាវរីយ៍លើក៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-អូស្ត្រាលី ផងដែរ៕ by AKP

អត្ថបទដែលជាប់ទាក់ទង