សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀននៅក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានចូលរួមសហការជាមួយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយ វរសេនីយ៍ឯក តោ គឹមដារិទ្ធ លោកវរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង លោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលបន្ទុកផែន ដោយសម្របសម្រួលដោយ លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង ក្នុងប្រតិបត្តិការបង្ក្រាបនេះក៏មានវត្តមានរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធេជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
*ទីតាំងទី១ ៖ នៅវេលាម៉ោង ០០.៥០នាទី រំលងអាធ្រាត ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចរោងម៉ាស៊ីនកិនស្រូវ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន០១លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ ស្រី ១នាក់ (ជនជាតិចិន ៦នាក់ប្រុស និងស្ត្រី ១នាក់ជាជនជាតិខ្មែរ ) ។
•សមត្ថកិច្ចជំនាញបានធ្វើការរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនចំនួន ៤៨បាវ (ច្រកក្នុងទៃពណ៍លឿង) ទម្ងន់សរុប ១ ១៤៨.៩៥២ kg ដែលជនសង្ស័យលាក់ទុកនៅក្នុងរោងម៉ាស៊ីនកិនស្រូវ។
*ទីតាំងទី២ ៖ ក្រោយពីសាកសួរជនសង្ស័យខាងលើ នៅវេលាម៉ោង ៨.៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចយើង បានបន្តស្រាវជ្រាវ និងបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀន ចំនួន១ទីតាំងបន្ថែមទៀត នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិចុងព្រែក(ជិតផែអូរស្មាច់) សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ (ជនជាតិចិន )ដែលស្នាក់នៅ និងធ្វើការក្នុងទីតាំងខាងលើ និងបានឃាត់ខ្លួនកម្មករជាជនជាតិខ្មែរចំនួន ៨នាក់ ស្រី ២នាក់ បន្ថែមទៀត ដើម្បីសួរនាំ។
សមត្ថកិច្ចជំនាញបានធ្វើការរឹបអូសវត្ថុតាង ដូចខាងក្រោម ៖
ក- ឃ្លាំង ទី១
១.ក្រាមពណ៌សឈ្មោះ CALCIUM CHLORIDE ចំនួន ៣៩ការ៉ុង ពណ៌ស ទម្ងន់ ៩៧៥ kg
២. ម្សៅម៉ត់ពណ៌ត្នោតទម្ងន់សរុប ៦៧៩kg (ល្បាយកេតាមីនបាស) បានដកចំពោះកិច្ចទម្ងន់ ១២៥ g
៣. ម៉ាស៊ីនប្រតិកម្មខ្នាតធំចំនួន ១២គ្រឿង
៤.ម៉ាស៊ីនក្រឡុកខ្នាតធំចំនួន ២គ្រឿង
៥. ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីមួយឈុត និងប្រព័ន្ធផលិតទឹកស្អាតខ្នាតធំមួយឈុត
ខ- ឃ្លាំង ទី២
១. ក្រាមពណ៌សឈ្មោះ CAUSTIC SODA ចំនួន ១៨៤ ការ៉ុង ពណ៌ស ៤ ៦០០ kg
២. ឧបករណ៍និងគ្រឿងបន្លាស់មួយចំនួន
គ- ឃ្លាំង ទី៣
១. សារធាតុគីមីឈ្មោះ BROMINE ចំនួន ៤៣ ដប ទម្ងន់ សរុប ១២៩ kg
២. ធុងហ្គាសពណ៌លឿងចំនួន ៤២ធុង (HYDROCHLORIDE GAS )
៣. ធុងជ័រពណ៌ខៀវគម្រប ក្រហមឈ្មោះ AMONIA ចំនួន ៣៤ ធុង ទម្ងន់ ៦ ៨០០ kg បានដកចំពោះកិច្ចទម្ងន់១៣៥ g
សរុបរួម – ល្បាយកេតាមីនបាស ទម្ងន់ ៦៧៩ kg – សារធាតុគីមីទម្ងន់ ១២.៥០៤ kg ( ១២ តោន ៥០៤ Kg ) ។
បច្ចុប្បន្ន ទីតាំងទាំងពីរខាងលើ ត្រូវបានបិទស៊ីល និង ដាក់កម្លាំងដើម្បីការពារ ដោយឡែកជនសង្ស័យ ជនជាតិចិន ចំនួន ១១នាក់ប្រុស និងជនជាតិខ្មែរ ៩នាក់ ស្រី ៣នាក់ ត្រូវបាននាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធី ចំពោះអ្នកពាក់ព័ន្ធផ្សេងទៀតសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវបន្ថែម៕ អរគុណសន្តិភាព